(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានទទួលសារមួយពីលោក ដូណាល់ ត្រាំ សម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយការរំពឹងថាអាចនឹងស្ដារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរជាលើកទី៣
រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។ នេះបើតាមប្រភពការទូតជាច្រើន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
យោងតាមប្រភពការទូតមិនបញ្ជាក់អត្តសញ្ញាណខាងលើដដែល លោក មូន បានទទួលសារពីលោក ត្រាំ ដែលអំពាវនាវឱ្យប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះជួយបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន នៅអំឡុងកិច្ចប្រជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន។ ប៉ុន្តែទន្ទឹមគ្នា ប្រភពនេះមិនបានបញ្ជាក់ថាសារនេះនិយាយពីអ្វីឱ្យប្រាកដនោះទេ។
គួរបញ្ជាក់ថា ជំនួបរវាងលោក ត្រាំ និងលោក មូន កាលពីសប្ដាហ៍មុន ធ្វើឡើងក្រោយកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងកុម្ភៈកន្លងទៅទទួលបរាជ័យ។ តែយ៉ាងនេះក្ដី ក្រោយជំនួយជាមួយលោក ត្រាំ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហាញសុទិដ្ឋិនិយមថាអាចនឹង រៀបចំជំនួបជាលើកទី៤ជាមួយលោក គីម ជុងអ៊ុន ដើម្បីបើកផ្លូវរៀបចំកិច្ចប្រជុំជាថ្មីរវាងលោក ត្រាំ និងប្រមុខមេដឹកនាំ កំពូលកូរ៉េខាងជើងរូបនេះ៕