(ញូយ៉ក)៖ សមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិទាំងអស់ គួរតែអនុម័តជាបន្ទាន់លើ សេចក្ដីព្រាងដំណោះស្រាយរបស់អង់គ្លេស ដែលបានអំពាវនាវឱ្យមាន បទឈប់បាញ់មួយជាបន្ទាន់នៅក្នុងប្រទេសលីប៊ី។ នេះបើតាមក អគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ UN ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
កាលពីថ្ងៃអង្គារ អង់គ្លេសបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការ នៃសហប្រជាជាតិ (UNSC) នូវសេចក្ដីព្រាងដំណោះស្រាយមួយ ដោយអំពានាវបទឈប់បាញ់ជាបន្ទាន់ ព្រមទាំងបញ្ឈប់រាល់សកម្មភាពជម្លោះទាំងអស់ នៅក្នុងប្រទេសលីប៊ី។
ជុំវិញបញ្ហានេះដែរ ចំពោះអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ UN លោក គ្រីស្តូប ហ៊ឺសជែន (Christoph Heusgen) បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវការជាចាំបាច់នូវដំណោះស្រាយបន្ទាន់មួយ ក៏ដូចជាការបញ្ជូនសារដ៏រឹងមាំនេះ ទៅកាន់ប្រជាជនលីប៊ី។ ម្យ៉ាងវិញទៀត នៅពេលដែលយើងបានលឺសូរសំឡេងគ្រាប់រ៉ុក្កែត ធ្លាក់ទៅលើជនស៊ីវិល យើងកាន់តែត្រូវការដំណោះស្រាយដ៏រឹងមាំមួយ ដែលគាំទ្រដោយអ្នកគ្រប់គ្នា»។
បន្ថែមពីលើនេះ លោក Heusgen ក៏បានបញ្ជាក់ដែរថា បើតាមបេសកជនពិសេស UN សម្រាប់ប្រទេសលីប៊ីលោក ហ្សាស្សាន សាឡេម (Ghassan Salame) ដំណោះស្រាយនយោបាយនៅក្នុងប្រទេសលីប៊ី ហាក់ដូចជាមិនមានការរីកចំរើនទៅមុខ ទាល់តែសោះ រីឯអំពើហិង្សាកាន់តែផ្ទុះខ្លាំងឡើងៗទៅវិញ។
គូរបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសលីប៊ីបានផ្ទុះឡើងជាថ្មីចាប់តាំងពីថ្ងៃទី០៤ ខែមេសាមក ក្រោយកងទ័ពប្រជាជាតិលីប៊ី (LNA) ដឹកនាំដោយឧត្តមសេនីយលោក ខាលីហ្វា អាហ្វតា (Khalifa Haftar) ដែលមានការគាំទ្រពីសំណាក់សភាភាគខាងកើតនៃប្រទេស បើកប្រតិបត្តិការយោធាវាយលុក ទៅលើកងកម្លាំងរដ្ឋាភិបាលទីក្រុងទី្រប៉ូលី (គាំទ្រដោយអាមេរិក និង UN) ដោយសំអាងថា បោសសំអាតក្រុមប្រដាប់អាវុធខុសច្បាប់។ រីឯកងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ក៏បានវាយបកវិញដែរជាហេតុបណ្ដាលឱ្យស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសលីប៊ី កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែអ្វីដែលជាការពិត ភាពចលាចល ភាពវឹកវរ និងជម្លោះរុំារ៉ៃដូចសព្វថ្ងៃ កើតមានឡើងតាំងតែងពីសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ធ្វើអន្តរាគមន៍យោធាផ្ដួលរំលំអតីតរបបដឹកនាំរបស់លោក កាដាហ្វី តាំងតែពីឆ្នាំ២០១១ មកម្លេះ។ កាលពីដំបូងបណ្ដាប្រទេសលោកខាងលិច ភាគច្រើនសុទ្ធតែយល់ថា លីប៊ីដែលគ្មានរូបលោក កាដាហ្វី ដឹកនាំប្រទេស នោះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនឹងមានភាពល្អប្រសើរឡើងវិញ នៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះ។
នៅទីបំផុតវាបានកើតឡើងផ្ទុយពីការគិតខាងលើនេះទាំងស្រុង ព្រោះក្រោយលោក ហ្គាដាហ្វី ត្រូវបានលោកខាងលិចព្រួតគ្នាសម្លាប់ ប្រជាជនលីប៊ីមិនបានទទួលភាពរុងរឿង ឬលិទ្ធិប្រជាជាធិបតេយ្យអ្វីនោះទេ ក្រៅតែពីភាពអាណាធិបតេយ្យ ភេរវកម្ម និងអំពើហិង្សាកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរបំផុតនោះគឺសេដ្ឋកិច្ចដែលធ្លាប់តែរុងរឿងលើឆាកអន្តរជាតិ បានប្រែក្លាយជាធ្លាក់ចុះដុនដាប និងទឹកដីដ៏ធំល្វឹងល្វឺយត្រូវបានហែកជាបំណែកៗ ដោយរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីទទួលការគាំទ្រពីប្រទេសលោកខាងលិច និងរដ្ឋាភិបាលភាគខាងកើតដែលខ្លាំងក្លា មានការគាំទ្រពីប្រទេសរុស្ស៊ី៕