(វ៉ាស៊ីនតោន)៖ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប្រជាជនអាមេរិករាប់រយនាក់ នៅតាមបណ្តារដ្ឋយ៉ាងតិចចំនួន ១២ បានប្រទះភ្នែកឃើញដុំបាល់ភ្លើងដ៏ភ្លឺចែងចាំងមួយមានពណ៌ខៀវហោះកាត់ផ្ទៃមេឃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសនាថ្ងៃពុធរបស់ អង្គការនៃក្រុមអ្នកសិក្សាស្រាវជ្រាវអាចម៍ផ្កាយ AMS របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អង្គការទទួលបានការរាយការណ៍សរុបចំនួន ៣៦០ករណីមកពីរដ្ឋចំនួន ១២ ដែលបានអះអាងថា ពួកគេបានឃើញសកម្មភាពអាចម៍ផ្កាយ។ ខណៈសាក្សីភាគច្រើន ដែលបានជួបប្រទហេតុការណ៍នេះគឺមកពីរដ្ឋ Virginia រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋ Maryland នៅវេលាម៉ោង ១១៖០០នាទីយប់ អាចម៍ផ្កាយនោះត្រូវបានគេមើលឃើញតាំងពីនៅរដ្ឋ Carolina ខាងត្បូងរហូតដល់រដ្ឋ Vermont។ បើតាមអង្គការ AMS ដុំអាចម៍ផ្កាយនេះបានបញ្ចប់ការធ្វើដំណើររបស់វា នៅលើមហាសមុទ្រអាត្លង់ទិចក្បែរឆ្នេរ Bethany នៃរដ្ឋ Delaware។
គួរជម្រាបថា យោងតាម AMS ជារៀងរាល់ថ្ងៃអាចម៍ផ្កាយតូចៗរាប់ពាន់តែងតែបានហោះកាត់បរិយាកាសផែនដី ដោយភាគច្រើនគឺនៅ លើផ្ទៃមហាសមុទ្រ និងតំបន់គ្មានមនុស្សរស់នៅ ឬក៏កើតមានចំពេលថ្ងៃ ដែលភ្នែកមនុស្សយើងមិនអាចមើលឃើញ។ អង្គការ AMS បានគូសបញ្ជាក់ទៀតថា ការដែលអាចម៍ផ្កាយមានពន្លឺចែងចាំងបែបនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយផងដែរ។
ទោះបីជាយ៉ាងណា លក្ខណៈវិសេសនៃអាចម៍ផ្កាយខាងលើនេះ មិនមាននរណាដឹងនោះឡើយ ប៉ុន្តែបើតាមយើងចាំបានព្រឹត្តិការណ៍ព្រឺព្រួចបំផុតនៃការធ្លាក់របស់អាចម៍ផ្កាយនោះ គឺបានកើតមានឡើងនៅទីក្រុង Chelyabinsk នៃប្រទេសរុស្ស៊ី ដោយបានបង្កឲ្យមនុស្សជិត ១,៥០០នាក់រងរបួស និងអគារជាច្រើនជាង ៧,២០០ខ្នងរងការបំផ្លិចបំផ្លាញ ដោយសារតែកម្លាំងអាចម៍ផ្កាយមុខកាត់ ២០ម៉ែត្រផ្ទុះនៅលើអាកាស កាលពីខែកុម្ភៈ ឆ្នាំ២០១៣៕