(តូក្យូ)៖ ភ្នំភ្លើងអាសូ (Aso) ស្ថិតនៅក្នុងខេត្តគូម៉ាម៉ូតុ (Kumamoto) នៃភាគនិរតីប្រទេសជប៉ុន បានផ្ទុះជាថ្មីនៅថ្ងៃសុក្រនេះ ដោយបង្ខំឱ្យ អាជ្ញាធរចេញសារព្រមានប្រជាជនរបស់ខ្លួន ឲ្យស្ថិតនៅឱ្យឆ្ងាយពីតំបន់ភ្នំភ្លើងនេះ។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុនដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ភ្នំភ្លើង Aso បានផ្ទុះនៅម៉ោង ៨៖២៤នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ហើយអាជ្ញាធរបានរក្សាកម្រិតប្រកាសអាសន្នលេខ ២ (ជាកម្រិតមធ្យម) នៃការប្រកាសអាសន្នទាំង ៥កម្រិត។ ការប្រកាសអាសន្នត្រូវបានធ្វើបច្ចុប្បន្នភាព ក្រោយការផ្ទុះកម្រិតទាបនៃភ្នំភ្លើង Aso កើតឡើងកាលពីសប្ដាហ៍កន្លងទៅមកម្ល៉េះ ដោយភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងទៅលើអាកាសក្នុងរយៈកម្ពស់ ៤០០ម៉ែត្រ។
គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនបានបង្កើន ការប្រកាសអាសន្នដល់កម្រិតទី ២ តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះមកម្ល៉េះ ដោយវាជាសញ្ញាព្រមានទុកជាមុនថា ភ្នំភ្លើងនេះអាចនឹងផ្ទុះបានគ្រប់ពេលវេលា ប៉ុន្តែស្ថិតនៅក្នុងកម្រិតមធ្យម ឬស្រាលប៉ុណ្ណោះ ខណៈវាធ្លាប់បានបង្ហាញសញ្ញាមិនស្រួលខ្លាំង កាលពីកំឡុងចុងខែកុម្ភៈ ដល់ពាក់កណ្តាល ខែមីនា។ បន្ថែមពីនេះនាវេលាម៉ោង ៦៖២៨នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) មានករណីផ្ទុះភ្នំភ្លើង បានកើតមានឡើងនៅក្នុងខេត្ត Kumamoto នៃភាគនិរតីប្រទេសជប៉ុន ប៉ុន្តែស្ថិតនៅក្នុងកម្រិត មធ្យម ខណៈកម្អែលផេះភ្នំភ្លើងបានកញ្ជ្រោលឡើងដល់លើមេឃ ក្នុងរយៈកម្ពស់ ២០០ម៉ែត្រផងដែរ៕