(តែលអាវីវ)៖ លទ្ធផលបឋមនៃការស៊ើបអង្កេតបានបង្ហាញថា មូលហេតុដែលបានបណ្តាលឲ្យយានអវកាសអ៊ីស្រាអែល Beresheet ចុះចតបរាជ័យនៅលើផ្ទៃព្រះច័ន្ទ កាលពីថ្ងៃទី១១ខែមេសា អាចមកពីបញ្ហាលេខកូដបញ្ជាមួយឃ្លា ដែលត្រូវបានវាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ សម្រាប់បញ្ជាយាន Beresheet នោះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការអវកាសអ៊ីស្រាអែល SpaceIL និងក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអ៊ីស្រាអែល IAI ប្រការខាងលើនេះបាន បង្កឡើងជាបណ្តាញប្រតិកម្មនៅក្នុងយាន ដែលអំឡុងពេលនោះម៉ាស៊ីនរបស់វាក៏ស្រាប់តែរលត់ និងមិនអាចដំណើរការឡើងវិញបាន រហូតធ្វើឲ្យវាធ្លាក់ទៅបុកផ្ទៃរបស់ព្រះច័ន្ទ ក្នុងពេលព្យាយាមចុះចតលើទីនោះ។ ទន្ទឹមនេះការស៊ើបអង្កេតនឹងបន្តប្រព្រឹត្តទៅ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីចេញផ្សាយលទ្ធផលចុងក្រោយ នៅប៉ុន្មានសប្តាហ៍ខាងមុខ។
គួរជម្រាបថា បើតាមបេសកកម្មកាលពីថ្ងៃទី១១ ខែមេសា ទទួលបានជោគជ័យវិញនោះ អ៊ីស្រាអែលត្រូវបានក្លាយជាប្រទេសទី ៤ ដែលបានចុះទៅដល់ផ្ទៃរបស់ព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។ យ៉ាងណាមិញ អ៊ីស្រាអែលបានជាប់ជាប្រទេសទី ៧ ដែលបានទៅដល់គន្លងក្បែរឋានព្រះច័ន្ទ ជាមួយនឹងបេសកកម្មអវកាស ដែលបានចំណាយតិចបំផុត បើធៀបនឹងប្រទេសធំៗផ្សេងទៀត៕