(ហ្សាការតា)៖ យោងតាមការរាប់សន្លឹកឆ្នោតភ្លាមៗបានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo ឬ Jokowi) នឹងបន្តជាប់ទៀតនៅអាណត្តិទី ២ ប៉ុន្តែទន្ទឹមនេះគូប្រជែងរបស់លោក គឺលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានប្រកាសថា ខ្លួនលោកឯណោះទេគឺជាអ្នកដែលទទួលបានជ័យជម្នះ ដែលប្រការនេះអាចនឹងបង្កឲ្យមានការតតាំងគ្នានៅក្នុងតុលាការ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន ABC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
លោក Subianto បានអះអាងថា មានបញ្ហាមួយចំនួនកើតមានឡើងនៅក្នុងដំណើរបោះឆ្នោត កាលពីថ្ងៃពុធម្សិលមិញនេះ ដែលបានបង្កផលប៉ះពាល់ដល់សំឡេងឆ្នោតគាំទ្ររបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតច្បាស់នោះឡើយ។ យ៉ាងណាមិញ លោក Subianto បាននិយាយថា តាមការរាប់សន្លឹកឆ្នោតភ្លាមៗរបស់លោកបានបង្ហាញថា លោកឈ្នះសំឡេងឆ្នោតយ៉ាងតិចពី ៥៥-៦២% ដូច្នេះលោកគឺជាអ្នកទទួលជ័យជម្នះពិតប្រាកដ។
យ៉ាងណាមិញការអះអាងរបស់លោក គឺផ្ទុយពីលទ្ធផលរបស់ក្រុមអ្នករាប់សន្លឹកឆ្នោតឯករាជ្យ មួយចំនួនដែលបានបង្ហាញថា លោក Widodo គឺជាអ្នកឈ្នះក្នុងសំឡេងប្រមាណ ៥៤ភាគរយ ជាមួយការនាំមុខលោក Prabowo ចន្លោះពី ៧.១% ទៅ ១១.៦%។ បន្ថែមពីនេះ ដោយសារតែការមិនទទួលស្គាល់របស់ លោក Subianto បញ្ហានេះនឹងត្រូវធ្លាក់ដល់ទៅតុលាការ ដូចអ្វីដែលបានកើត ឡើងក្នុងការបោះឆ្នោតកាលពីលើកមុននៅឆ្នាំ២០១៤ ដូច្នោះដែរ។ កាលពី០៥ឆ្នាំមុន លោក Prabowo បានចាញ់លោក Widodo ក្នុងចំនួនតែបន្តិចប៉ុណ្ណោះ។
គួរជម្រាបថា គណៈកម្មការបោះឆ្នោតឥណ្ឌូណេស៊ី នឹងត្រូវប្រកាសលទ្ធផលផ្លូវការនៅខែក្រោយ ប៉ុន្តែអាចនឹងមានការពន្យារពេល រហូតទាល់តែតុលាការធម្មនុញ្ញដោះស្រាយបញ្ហាវិវាទនានា ដែលទាក់ទងនឹងការបោះឆ្នោតហើយរួចរាល់៕