(ព័រទុយហ្គាល់)៖ ភ្ញៀវទេសចរ ២៨នាក់បានស្លាប់ និង 0៣នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្ដក្រុងរបស់ពួកគេក្រឡាប់ចេញពីផ្លូវ ស្ថិតនៅលើកោះ ម៉ាឌែរ៉ា (Madeira) ប្រទេសព័រទុយហ្គាល់នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
សា្ថនីយទូរទស្សន៍ព័រទុយហ្គាល់ SIC TV បានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរដែលស្លាប់ទំាង ២៨នាក់ គឺមាន១១នាក់ជាបុរស និង ១៧នាក់ជាស្ត្រី ហើយពួកគេគឺសុទ្ធតែជនជាតិអាល្លឺម៉ង់។ ដោយឡែកក្រោយសោកនាដកម្មនេះ ប្រធានាធិបតីព័រទុយហ្គាល់ ក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល ផងដែរ។
គួរបញ្ជាក់ថា រថយន្ដហោះក្រុងខាងលើមានផ្ទុកអ្នកដំណើរជាជនជាតិអាល្លឺម៉ង់ ៥៥នាក់ រួមទាំងអ្នកបើកបរ និងមគ្គុទេសទេសចរណ៍ម្នាក់។ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕