(ប៉េកាំង)៖ អ្នកជំនាញវិស័យអវកាសរបស់ចិន លោក យ៉េ ផៃជាំង (Ye Peijiang) បានឲ្យដឹងថា នាថ្ងៃអនាគតប្រទេសចិនមានមហិច្ឆតា បញ្ជូនយានអវកាសទៅកាន់ភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ថែមទៀត ក្រោយពីបេសកកម្មចម្បងៗបាន និងកំពុងប្រព្រឹត្តទៅយ៉ាងរលូន នៅឋានព្រះច័ន្ទកន្លងមក។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
លោក Ye បានបង្ហើបប្រាប់យ៉ាងដូច្នេះថា នាពេលខាងមុខចិននឹងបាញ់បញ្ជូនយានអវកាស Chang'e-5 តាមរយៈគ្រាប់រ៉ុក្កែត Long March-5 ដែលមានបេសកកម្ម ទៅនាំយកគំរូស្លាកស្នាម ពីឋានព្រះច័ន្ទមកកាន់ភពផែនដីវិញ ហើយប្រទេសរបស់លោកក៏កំពុងរៀបចំផែនការ ដើម្បីចេញបេសកកម្មស្រដៀងគ្នានេះឆ្ពោះទៅកាន់ភពអង្គារ ក៏ដូចជាដើម្បីបញ្ជូនយានអវកាស មួយគ្រឿងទៅកាន់ភព ព្រហស្បតិ៍នាថ្ងៃអនាគតផងដែរ។
ដោយឡែកកាលពីខែមករាដើមឆ្នាំនេះ យានអវកាសចិន Chang'e-4 បានចុះចតនៅលើតំបន់ Far Side ឬហៅថា Dark Side របស់ព្រះច័ន្ទ (ផ្ទៃម្ខាងទៀតដែលមិនបែរមករកផែនដី) ដោយជោគជ័យ និងជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមកឡើយ ហើយដែលប្រការនេះ បាននាំឲ្យអន្តរជាតិងាកទៅមើលសមត្ថភាពស្រាវជ្រាវទីអវកាសរបស់ចិន មិនដាក់ភ្នែកនោះឡើយ។
គួរជម្រាបថា បើតាមលោក ស៊ុន ហ្សេចូវ (Sun Zezhou) ដែលជាប្រធានស្ថាបត្យករ នៃយានអវកាស Chang'e-4 យាន Chang'e ទី៥ នឹងត្រូវបញ្ជូន ទៅកាន់ឋានព្រះច័ន្ទ នៅចុងឆ្នាំ២០១៩នេះ។ លោក Sun ដែលទទួលបន្ទុកផ្នែករចនាយានអវកាស សម្រាប់បេសកកម្មទៅភពអង្គារផងដែរនោះ បានឲ្យដឹងថា យានអវកាសដំបូងនៃកម្មវិធីរុករកនៅភពអង្គារ នឹងត្រូវចេញបេសកកម្មនៅឆ្នាំក្រោយ ហើយអាចចុះទៅ ដល់ភពក្រហមនេះនៅឆ្នាំ២០២១៕