Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតកំពូលមហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Foxconn នឹងចូលរួមប្រកួតប្រជែងយកតំណែង ប្រធានាធិបតីកោះតៃវ៉ាន់! (Video inside)

17-04-2019 11:45

(តៃប៉ិ)៖ ក្រោយពីការបង្ហាញភាពមិនច្បាស់លាស់កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Terry Gou កំពូលមហាសេដ្ឋីប្រាក់ពាន់លាន និងជាប្រធានក្រុមហ៊ុន Foxconn នៅកោះតៃវ៉ាន់ បានបញ្ជាក់ថា លោកនឹងធ្វើតាមការបញ្ជារបស់ព្រះម៉ែសមុទ្រ (Sea Goddess) ឲ្យលោកឈរ ឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់នៅឆ្នាំ២០២០ ប៉ុន្តែសេចក្តីប្រកាសមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។

ការថ្លែងរបស់ម្ចាស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខាដ៏សំខាន់សម្រាប់ ក្រុមហ៊ុន Apple ខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមនុស្សម្នាជាង ១០០នាក់ នៅក្នុងប្រាសាទបុរាណ Ci Hui ស្ថិតនៅក្នុងសង្កាត់ Banqiao ទីក្រុង New Taipei ជាកន្លែង លោកកំពូលមហាសេដ្ឋីរូបនេះបានចាប់កំណើត និងរីកធំធាត់។ ប្រាសាទមួយនេះគឺជាទីសក្ការៈ សម្រាប់ឧទ្ទិសដល់ព្រះម៉ែសមុទ្រ Mazu នៅក្នុងរឿងព្រេងបុរាណនៃជនជាតិចិនតែម្តង។

លោក Terry Gou បច្ចុប្បន្នមានអាយុ ៦៩ឆ្នាំទៅហើយ ក៏ធ្លាប់បានបង្ហាញចេតនាចង់លាលែងពី តំណែងជួរមុខនៅក្នុងក្រុមហ៊ុនតៃវ៉ាន់ Foxconn ផងដែរ ខណៈដែលក្រុមហ៊ុនមានបុគ្គលិកជាង ៨សែននាក់នេះ កំពុងតែសកម្មខ្លាំងនៅឡើយក្នុងការផ្គត់ផ្គង់គ្រឿងបរិក្ខា ទៅដល់ក្រុមហ៊ុន Apple ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ហើយក៏ដោយសារតែរឿងនេះដែរ ទើបមានពាក្យចចាមអារ៉ាមផ្ទុះឡើងថា លោកចង់ទុកពេលដើម្បីត្រៀមចូលរួម ការប្រកួតយកតំណែងប្រធានាធិបតីកោះតៃវ៉ាន់ នៅដើមឆ្នាំ២០២០។

ដោយឡែកកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយ អ្នកសារព័ត៌មានបានសួរលោក Gou ថា តើលោកនឹងចូលរួម ប្រកួតយកតំណែងប្រធានាធិបតីឬទេ? លោក Gou បាននិយាយតបវិញថា «ខ្ញុំនឹងមានកិច្ច ប្រជុំមួយនៅថ្ងៃនេះ ហើយនឹងមានចម្លើយ...។ សង្ឃឹមថា យើងអាចនិយាយអំពីរឿងនេះ នៅថ្ងៃស្អែក ឬក៏ពេលក្រោយទៀត...»។ ជាក់ស្តែងនៅថ្ងៃពុធនេះ លោក ពិតជាបានឆ្លើយតបដោយចម្លើយវិជ្ជមានមែន ប៉ុន្តែគេត្រូវរង់ចាំដល់ការសម្រេចជាផ្លូវការត្រូវធ្វើឡើង ជាមុនសិន ទើបលោកអាចចាត់ទុកជាបេក្ខភាពអនាគត សម្រាប់ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់បាន។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០២០ ខាងមុខនេះនឹងក្លាយជារឿង ដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អន្តរជាតិ ខណៈដែលចិន និងតៃវ៉ាន់នៅក្នុងរដ្ឋបាលដឹកនាំរបស់ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន ទំនាក់ទំនងរវាងគ្នាគឺកាន់តែល្អក់កករ ព្រោះរដ្ឋាភិបាលលោកស្រី ត្សៃ បានបង្ហាញមានស្និទ្ធស្នាលខ្លាំងឡើងៗទៅកាន់សហរដ្ឋអាមេរិក។ រី ឯប្រទេសចិនវិញ បានព្យាយាមលួងលោមផង និងគម្រាមផង ដើម្បីឲ្យកោះតៃវ៉ាន់មកចូលរួម ជាមួយខ្លួន។ ដូច្នេះតើប្រជាពលរដ្ឋកោះតៃវ៉ាន់ ចង់បានទំនាក់ទំនងល្អជាមួយចិន ឬជាមួយសហរដ្ឋអាមេរិក? ចម្លើយគឺមានតែនៅឆ្នាំ២០២០ ខាងមុខនេះប៉ុណ្ណោះ៕