(សាន់ត្យាហ្គោ)៖ យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ទៅលើផ្ទះរបស់ប្រជាជនស្ថិតនៅភាគ ខាងត្បូងប្រទេសឈីលី និងបណ្តាលឲ្យមនុស្ស ០៦នាក់បាត់បង់ជីវិត។ នេះបើតាតមការចេញ ផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។
យន្តហោះខ្នាតតូចខាងលើនេះ បានហោះចេញពីព្រលានយន្តហោះឯកជនមួយឈ្មោះ La Paloma ស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រពីទីក្រុង Puerto Montt នៃតំបន់ Los Lagos ភាគខាងត្បូងប្រទេសឈីលី។ បើតាមការបញ្ជាក់ពីអភិបាលក្រុងលោក Harry Jurgensen យន្តហោះខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Archipielago ដែលបម្រើការហោះហើរជាលក្ខណៈឯកជន។
គួរបញ្ជាក់ថា មនុស្សស្លាប់ទាំង ០៦នាក់នោះ គឺសុទ្ធសឹងតែជាមនុស្សជិះនៅលើយន្តហោះ ដោយក្នុងនោះម្នាក់ជាអាកាសយានិក និង ០៥នាក់ជាអ្នកដំណើរ។ មូលហេតុនៃការធ្លាក់ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែនៅពេលកើតហេតុនោះ ពុំមានមនុស្សរស់នៅក្នុងផ្ទះ ដែលត្រូវបានយន្តហោះ ធ្លាក់ចំឡើយ។ បន្ថែមពីលើនេះ នៅពេលយន្តហោះធ្លាក់ វាបានបង្កជាសំឡេងផ្ទុះយ៉ាងកក្រើកតែម្តង (ផ្ទុះធុងសាំងដែលស្តុកសាំងពេញ)៕