(តៃប៉ិ)៖ ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅលើសកលោក Foxconn លោក Terry Gou ហាក់មិនទាន់ធ្វើការឆ្លើយតបដោយច្បាស់លាស់មួយនៅឡើយទេថា តើលោកកំពុងពិចារណាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានធិបតីថ្មីនៃកោះតៃវ៉ាន់ ដែលនឹងធ្វើឡើងនៅដើមឆ្នាំ២០២០ ដែរ ឬយ៉ាងណានោះឡើយ ក្រោយពីមានផ្ទុះពាក្យចចាមអារ៉ាម។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។
លោក Terry Gou បច្ចុប្បន្នមានអាយុ ៦៩ឆ្នាំទៅហើយ ក៏ធ្លាប់បានបង្ហាញចេតនាចង់លាលែងពីតំណែងជួរមុខនៅក្នុងក្រុមហ៊ុនតៃវ៉ាន់ Foxconn ផងដែរ ខណៈដែលក្រុមហ៊ុនមានបុគ្គលិកជាង ៨សែននាក់នេះ កំពុងតែសកម្មខ្លាំងនៅឡើយក្នុងការផ្គត់ផ្គង់គ្រឿងបរិក្ខា ទៅដល់ក្រុមហ៊ុន Apple ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ហើយក៏ដោយសារតែរឿងនេះដែរ ទើបមានពាក្យចចាមអារ៉ាមផ្ទុះឡើងថា លោកចង់ទុកពេលដើម្បីត្រៀមចូលរួម ការប្រកួតយកតំណែងប្រធានាធិបតីកោះតៃវ៉ាន់ នៅដើមឆ្នាំ២០២០។
នៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយ អ្នកសារព័ត៌មានបានសួរលោក Gou ថា តើលោកនឹងចូលរួមប្រកួតយកតំណែងប្រធានាធិបតីឬទេ? លោក Gou បាននិយាយតបវិញថា «ខ្ញុំនឹងមានកិច្ចប្រជុំមួយនៅថ្ងៃនេះ ហើយនឹងមានចម្លើយ...។ សង្ឃឹមថា យើងអាចនិយាយអំពីរឿងនេះនៅថ្ងៃស្អែក ឬក៏ពេលក្រោយទៀត...»។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០២០ ខាងមុខនេះនឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អន្តរជាតិ ខណៈដែលចិន និងតៃវ៉ាន់នៅក្នុងរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន ទំនាក់ទំនងរវាងគ្នាគឺកាន់តែល្អក់កករ ព្រោះរដ្ឋាភិបាលលោកស្រី ត្សៃ បានបង្ហាញមានស្និទ្ធស្នាលខ្លាំងឡើងៗទៅកាន់សហរដ្ឋអាមេរិក។ រីឯប្រទេសចិនវិញបានព្យាយាមលួងលោមផង និងគម្រាមផង ដើម្បីឲ្យកោះតៃវ៉ាន់មកចូលរួមជាមួយខ្លួន។ ដូច្នេះតើប្រជាពលរដ្ឋកោះតៃវ៉ាន់ ចង់បានទំនាក់ទំនងល្អជាមួយចិន ឬជាមួយសហរដ្ឋអាមេរិក? ចម្លើយគឺមានតែនៅឆ្នាំ២០២០ ខាងមុខនេះប៉ុណ្ណោះ៕