(ប៉ារីស)៖ ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រនៃទីក្រុងប៉ារីស ដែលមានអាយុកាល ៨៥០ឆ្នាំទៅហើយនោះ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។
ការឆេះអគារខាងលើនេះ គឺបានបង្កការភ្ញាក់ផ្អើល និងសោកស្តាយជាពន់ពេកពីសំណាក់ប្រជាជនបារាំងគ្រប់រូប ហើយភ្លាមៗប្រធានាធិបតីលោក អេមម៉ានុយអ៊ែល ម៉ាក្រុង បានសន្យាធ្វើការស្តារ និងកសាងព្រះវិហារបុរាណនេះឡើងវិញឲ្យបាន។ ដោយឡែកក្រុមពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ទៅ ៩ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។
គួរបញ្ជាក់ថា មូលហេតុដែលបង្កជាគ្រោះអគ្គីភ័យខាងលើនេះឡើង គឺមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នោះឡើយ ប៉ុន្តែបើតាមអាជ្ញាធរទីក្រុងប៉ារីស អគារព្រះវិហារបុរាណ Notre-Dame កំពុងស្ថិតនៅក្នុងការជួសជុលដោយក្រុមជំនាញនៅឡើយ។ លោកប្រធានាធិបតីបារាំងបានទៅដល់កន្លែងកើតហេតុក្រោយអគ្គីភ័យរលត់ ហើយលោកបានចាត់ទុកថា នេះជាការសង្គ្រោះទាន់ពេល ដោយមិនបានបង្កឲ្យអ្វីកាន់តែអាក្រក់ជាងនេះ៕