(ហ្សាការតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍ឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦.៨រ៉ិចទ័រ បានកើតមានឡើងនៅក្បែរកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅយប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។
ក្រោយកើតឡើងភ្លាមៗ ហេតុការណ៍ខាងលើបានបង្ខំឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចេញសារព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែជាងកន្លះម៉ោងក្រោយការព្រមាននេះក៏ត្រូវបានដកចេញវិញ ក្រោយកម្រិតនៃការគំរាមកំហែងបានថយចុះ។ បើតាម USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅឈូងសមុទ្រ Tolo ជាមួយជម្រៅប្រមាណ១៧គីឡូម៉ែត្រក្រោមបាតសមុទ្រ។ ម៉្យាងវិញទៀត ពុំមានសេចក្តីរាយការណ៍ណាមួយ អំពីការបំផ្លិចបំផ្លាញឬក៏មនុស្សរងគ្រោះ ដោយសារហេតុការណ៍រញ្ជួយផែនដីនេះឡើយ។
គួរជម្រាបថា កាលពីថ្ងៃកញ្ញា ឆ្នាំ២០១៨ គ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សដ៏អាក្រក់មួយ បានវាយប្រហារលើទីក្រុង Palu ដែលស្ថិតនៅលើកោះ Sulaweisi ប្រទេសឥណ្ឌូណេស៊ី ដោយជាលទ្ធផលមនុស្សជាង៤,០០០នាក់បាត់បង់ជីវិត៕