(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតបេក្ខភាពប្រធានាធិបតីអាមេរិកចាញ់ឆ្នោតកាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានសម្ដែងក្ដីរីករាយ និងស្វាគមន៍ឥតឧបមា ក្រោយទទួលបានដំណឹងថាស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំនៅទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងសុន្ទរកថាមួយនាទីក្រុងញូយ៉កនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Clinton បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាវាច្បាស់ណាស់ ចំពោះការចោទប្រកាន់ដែលត្រូវធ្វើឡើង និងមិនមែនជាការដាក់ពិន័យលើអ្នកសារព័ត៌មាននោះទេ ប៉ុន្តែវាគឺជាការដាក់ពិន័យលើអ្នក Hack ប្រព័ន្ធកុំព្យូទ័រ ដើម្បីលួចព័ត៌មានពីរដ្ឋាភិបាលអាមេរិក»។ ប៉ុន្តែទន្ទឹមគ្នានឹងការលើកឡើងរបស់លោកស្រី Clinton អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនបាននាំគ្នារិះគន់យ៉ាងខ្លាំងថា ការចាប់ខ្លួនលោក Julian Assange គឺជាកៀបសង្កត់លើសេរីភាពសារព័ត៌មាន។
គួរបញ្ជាក់ថា លោក Julian Assange កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួន តាមសំណើអាមេរិក ចេញពីស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ជាទីដែលលោកបានរស់នៅជ្រកកោន អស់រយៈពេលជាង ៧ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ មក។ លោក Assange ក៏ជាមនុស្សម្នាក់ធ្វើឱ្យលោកស្រី Clinton បាត់បង់ប្រជាប្រិយភាព យ៉ាងខ្លាំងផងដែរ នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ តាមរយៈការទម្លាយរឿងអាស្រូវជាច្រើន របស់លោកស្រីកាលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជាពិសេសគឺការប្រើប្រាស់ E-mail ផ្ទាល់ខ្លួនក្នុងពេលបំពេញការងារ៕