(ព្រុចសែល)៖ ខណៈសហភាពអឺរ៉ុបបានផ្តល់ភ្លើងខៀវ ឲ្យចាប់ផ្តើមការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រទេសបារាំងបានបញ្ចេញសំឡេងជំទាស់ទៅនឹងកិច្ចសន្ទនាដែលគ្រោងរៀបចំឡើងទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នា២០១៩។
ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានសម្តែងការប្រឆាំង ចំពោះការចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ជាអ្នកដែលបានដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុសកល នៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ លោក Macron បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «បារាំងជំទាស់នឹងការចាប់បើកកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ដែលមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
គួរជម្រាបថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងភាគីទាំងពីរ បានកើនឡើងកម្តៅជាថ្មី បន្ទាប់ពីថ្មីៗនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងតែពិចារណាដំឡើងពន្ធ លើទំនិញរបស់សហភាពអឺរ៉ុបដែលគិតជាទឹកប្រាក់ ទំហំប្រមាណ ១១ពាន់លានដុល្លារ ដោយសារតែ EU ផ្តល់ធនឧបត្ថម្ភជួយដល់ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាការជះឥទ្ធិពលបែបអវិជ្ជមានជាខ្លាំងដល់សហរដ្ឋអាមេរិក ជាពិសេសដល់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលកំពុងរងព្យុះភ្លៀងស្រាប់នោះ៕