(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា របបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើការផ្លាស់ប្តូរប្រមុខរដ្ឋពិធីការរបស់ខ្លួនហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀល ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។
លោក គីម យ៉ុងណាំ (Kim Yong Nam) ដែលជាបុគ្គលកាន់តួនាទីនេះអស់រយៈពេលជិត ២០ឆ្នាំមកហើយនោះ ត្រូវបានជំនួសដោយលោក ឈែ រ្យុងហេ (Choe Ryong Hae) ក្នុងអំឡុងសម័យប្រជុំពេញអង្គលើកដំបូង នៃសភាប្រជាជនកូរ៉េខាងជើងនីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សម្រាប់មុខតំណែងរបស់លោក Kim Yong Nam គឺជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនកូរ៉េខាងជើង។
គួរជម្រាបថា លោក Kim Yong Nam ដែលមានវ័យ ៩១ឆ្នាំ និងជាមន្រ្តីជើងចាស់បំផុតមួយរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ធ្លាប់បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនកាលពីឆ្នាំ២០១៨ រួមមានទាំងការបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូង ព្រមទាំងការប្រកួតកីឡាអូឡាំពិករដូវរងារ Pyeongchang ជាដើម។
រីឯលោក Choe Ryong Hae ដែលត្រូវគេចាត់ទុកថា ជាបុគ្គលដៃស្តាំរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កើតនៅឆ្នាំ១៩៥០ ហើយលោកស្ថិតក្នុងចំណោមមន្រ្តី ០៣រូបរបស់ទីក្រុងព្យុងយ៉ាង ដែលជាប់ទណ្ឌកម្មរបស់អាមេរិកកាលពីឆ្នាំមុន ជុំវិញការចោទប្រកាន់ពីទង្វើរំលោភសិទ្ធិមនុស្ស៕