(ស៊ូដង់)៖ យោងតាមស្ថានីយទូរទស្សន៍លីបង់ អាល់ម៉ាយ៉ាឌីន (Al Mayadeen) កងកម្លាំងយោធាស៊ូដង់បានប្រកាសថា ប្រធានាធិបតីស៊ូដង់លោក អូម៉ា បាហ្ស៊ឺ (Omar Bashir) ត្រូវបានដកចេញពីមុខតំណែងទាំងអស់ ខណៈមានសេចក្តីរាយការណ៍ព័ត៌មាន អំពីការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសអាហ្រ្វិកមួយនេះ ក្រោយមានការបន្តធ្វើបាតុកម្ម អស់ជាច្រើនសប្តាហ៍កន្លងមកប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
ស្ថានីយទូរទស្សន៍ខាងលើបានឲ្យដឹងទៀតថា កងទ័ពស៊ូដង់បានគ្រោងនឹងប្រកាសអំពី ការបង្កើតក្រុមប្រឹក្សាយោធាមួយ ដែលនឹងមានតួនាទីគ្រប់គ្រងការដឹកនាំប្រទេស ក្នុងអំឡុងពេលអន្តរកាល ដែលប្រហែលជាអាចមានរយៈពេលរហូតដល់មួយឆ្នាំ។ ជាមួយគ្នា នេះដែរ ទីប្រឹក្សានិងមន្រ្តីទទួលបន្ទុកកិច្ចការជំនួសលោក Bashir ទាំងអស់ ក៏ត្រូវបានដកចេញពីតួនាទីផងដែរ ខណៈលោក Bashir ត្រូវបានគេរារាំងមិនឲ្យចាកចេញ ពីប្រទេស នៅចំពោះមុខវត្តមានដ៏ច្រើនសម្បើមនៃកម្លាំងយោធានៅឯរដ្ឋធានី Khartoum។
យ៉ាងណាមិញពុំទាន់មានការបញ្ជាក់ជាផ្លូវការ ជុំវិញព័ត៌មាននេះនៅឡើយទេ ក៏ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស៊ូដង់បានបញ្ជាក់ថា នឹងចេញផ្សាយសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិនាពេលបន្តិចទៀត ស្តីអំពីស្ថានការណ៍នៅក្នុងប្រទេស ដើម្បីឲ្យមហាជនយល់ពីរឿងពិត។
គួរជម្រាបថា ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០១៨ បាតុកម្មបានកើតមានជាបន្តបន្ទាប់ ដោយសារតែការឡើងថ្លៃទំនិញ ហើយក្នុងការតវ៉ាទាំងនោះមានការទាមទារឲ្យលោក Omar Bashir ដែលកាន់អំណាចអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ ចុះចេញពីតំណែង ខណៈកាលពីចុងសប្តាហ៍មុន ក្រុមបាតុករក៏បានទទូចឲ្យយោធាមកចូលរួមកម្លាំង ជាមួយប្រជាជនផងដែរ ស្របពេលដែល ការតវ៉ាដែលបានបន្តមកដល់សប្តាហ៍នេះ បានបណ្តាលឲ្យជនស៊ីវិលមួយចំនួនស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ៕