(ឡូសអាន់ជែឡេស)៖ ក្រុមរដ្ឋអាជ្ញានៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា នឹងស្វែងរកការផ្តន្ទាទោសប្រហារជីវិតជនសង្ស័យជាឃាតកម្នាក់ ដែលគេហៅថា «Golden State Killer ឬឃាតកប្រចាំរដ្ឋកាលីហ្វរញ៉ា»។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
ការសម្រេចឯកភាពគ្នាខាងលើនេះជុំវិញសំណុំរឿង នៃជនសង្ស័យឈ្មោះ ចូសិប ចេមស៍ ដេអេនជែឡូ (Joseph James DeAngelo) អាយុ ៧៣ឆ្នាំ នឹងធ្វើឲ្យក្រុមរដ្ឋអាជ្ញានៃរដ្ឋ កាលីហ្វរញ៉ា ស្ថិតនៅលើគោលជំហរផ្ទុយគ្នាជាមួយការប្រកាសឲ្យ ផ្អាកទូទាំងរដ្ឋលើការអនុវត្តន៍ ទោសប្រហារជីវិត ដែលត្រូវបានធ្វើឡើងដោយអភិបាលរដ្ឋកាលីហ្វរញ៉ា លោក ហ្គេវិន ញូសម (Gavin Newsom) កាលពីខែមីនាកន្លងទៅ។ លើកចុងក្រោយបំផុតដែលរដ្ឋកាលីហ្វរញ៉ា បានអនុវត្តន៍ទោសប្រហារជីវិត គឺតាំងតែពីឆ្នាំ២០០៦ មកម្ល៉េះ។
គួរជម្រាបថា លោក DeAngelo ដែលធ្លាប់មានតួនាទីជាមន្រ្តីប៉ូលិស នៅក្នុងក្រុងតូចៗចំនួន ០២ នៃរដ្ឋកាលីហ្វរញ៉ាកាលពីអំឡុងទសវត្សរ៍១៩៧០ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៨ ក្រោយការស៊ើបអង្កេតអស់រយៈពេលជាង ៤០ឆ្នាំ ហើយលោក ត្រូវបានចោទប្រកាន់ដល់ទៅ ១៣ករណីពីបទមនុស្សឃាត និងចាប់ពង្រត់៕