(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់ បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថាសេតវិមានគ្មានសិទ្ធិអំណាចអ្វី ក្នុងការប្រកាសសង្រ្គាមជាមួយប្រទេសណាមួយឡើយ ក្នុងនោះរួមមានទាំងអ៊ីរ៉ង់បើគ្មានការអនុម័តពីសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់សមាជិកព្រឹទ្ធសភាអាមេរិក ត្រូវនាធ្វើឡើងនៅអំឡុងពេលលោក ប៉ុមប៉េអូ ផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ជាពិសេសគឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរូបនេះបានចោទប្រកាន់អ៊ីរ៉ង់ត្រង់ៗតែម្ដងថា មានទំនាក់ទំនងជាមួយក្រុមភេរវករអាល់កៃដា ដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ជាមេក្លោងនៃការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
យ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាភាគច្រើនដូចជាលោក រ៉េនដ៍ ផូល (Rand Paul) បានសម្ដែងការមិនពេញចិត្តជាខ្លាំង ទៅនឹងការលើកឡើងរបស់លោក ប៉ុមប៉េអូ។ លោក Paul បានគូសបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «អ្នកនឹងមិនអាចទទួលបានការអនុញ្ញាតពីសភា ដើម្បីធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ហើយមានតែសភាប៉ុណ្ណោះ ដែលមានសិទ្ធិប្រកាសសង្រ្គាម»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (កងទ័ពអ៊ីរ៉ង់) ជាក្រុមអង្គការគាំទ្រភេរវកម្ម ដែលនេះបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែតានតឹងខ្លាំងឡើង ស្របពេលអ្នកជំនាញខ្លះព្រួយបារម្ភខ្លាចក្រែងថា ជម្លោះប្រដាប់អាវុធអាចផ្ទុះឡើងជាយថាហេតុណាមួយ ក្រោយយោធាអ៊ីរ៉ង់គំរាមចាត់វិធានការប្រឆាំងនឹងយោធាអាមេរិក នៅក្នុងតំបន់ នៅក្នុងករណីចាំបាច់៕