(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានឱ្យដឹងថានាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានយល់ព្រមទទួលយកការពន្យារពេល Brexit រហូតដល់ទៅ ៦ខែ ដែលសហភាពអឺរ៉ុបផ្ដល់ជូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
លោក Donald Tusk ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ កំពូលមួយក្នុងទីក្រុងព្រុចសែល។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «សហភាពអឺរ៉ុប ២៧ប្រទេស និងអង់គ្លេសបានឯកភាពគ្នាលើការពន្យារពេល Brexit រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលនេះមានន័យថាអង់គ្លេសមានពេល៦ខែដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ»។
គួរបញ្ជាក់ថា ការពន្យាពេល Brexit ខាងលើនឹងអនុញ្ញាតឱ្យអង់គ្លេសបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុប ក៏ដូចជាមានសិទ្ធិ ក្នុងការចូលរួមការបោះឆ្នោតសភាអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះផងដែរ៕