(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់ជាលក្ខណៈពេញអង្គមួយ នាថ្ងៃពុធនេះ ជាមួយមន្រ្តីកំពូលៗនៃ បក្សកាន់អំណាចកូរ៉េខាងជើង៕
២៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថាទីក្រុងអង់ការ៉ាអាច នឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បន្ថែមពីរុស្ស៊ី បើសិនសហរដ្ឋអាមេរិកមិនព្រមលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យតួកគីទេនោះ៕
៣៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបច្ចុប្បន្នលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវគេមើល ឃើញថា មានលទ្ធភាពខ្ពស់ក្នុងដំណើរឆ្ពោះទៅរកការបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទី៥៕
៤៖ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ទឹកដីមួយផ្នែកធំនៃប្រទេសវេណេស៊ុយអេឡា រួមមានទាំងរដ្ឋធានីការ៉ាកាស់ផ្ទាល់ បានស្ថិតក្នុងសភាពងងឹតសូន្យសុងជាថ្មីម្តងទៀត ដោយសារតែការដាច់ ចរន្តអគ្គិសនីដែលជាបញ្ហាបានចាប់ផ្តើមកើតមានឡើង តាំងតែពីខែមីនាកន្លងទៅនៅក្នុងប្រទេសអាមេរិកឡាទីន មួយនេះ៕
៥៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសឲ្យដឹងថាក្នុងឆ្នាំនេះប្រទេសរបស់លោកនឹងប្រកាន់យក យុទ្ធសាស្រ្តថ្មី សម្រាប់ការអភិវឌ្ឍ នៃតំបន់អាក់ទិចរុស្ស៊ីរហូតដល់ឆ្នាំ២០៣៥ ចំពោះមុខការប្រជែងឥទ្ធិពល កាន់តែខ្លាំងជាមួយអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក៕
៦៖ សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតលើគម្រោងលក់មីស៊ីល Standard Missile-3 Block IB ចំនួន៥៦គ្រាប់ ទៅឲ្យ ប្រទេសជប៉ុន ដែលសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួនប្រចាំតំបន់អាស៊ីបូព៌ាទុកការពារខ្លួន៕