(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ទីក្រុងអង់ការ៉ាអាចនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បន្ថែមពីរុស្ស៊ី បើសិនសហរដ្ឋអាមេរិកមិនព្រមលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យតួកគីទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក Cavusoglu ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ បានអះអាងថា តួកគីអាចនឹងទទួលបាន S-400 ពីរុស្ស៊ីមុនកាលកំណត់។ មិនតែប៉ុណ្ណោះប្រធានាធិបតីរូបនេះ ថែមទាំងប្រកាន់ជំហរដដែលថា តួកគីមានសិទ្ធិអធិបតេយ្យ ក្នុងការធ្វើពាណិជ្ជកម្ម និងទិញអាវុធពីបណ្ដាប្រទេសដទៃៗទៀត បើទោះជាសហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្ម ឬលុបចោលការលក់ប្រព័ន្ធមីស៊ីល Patriot និងយន្ដហោះចម្បាំង F-35 ចំនួន ១០០គ្រឿង ដែលតួកគីបញ្ជាទិញនោះក៏ដោយ។
គួរបញ្ជាក់ថា គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា តើតួកគីនឹងអាចទ្រាំទ្រការ ព្រមានផង និងលួងលោមផងរបស់អាមេរិកដល់ពេលណានោះឡើយ ប៉ុន្តែការចង់បានសព្វាវុធ អាមេរិកផង និងរុស្ស៊ីផងក្នុងឃ្លាំងតែមួយបែបនេះ ពិតជារឿងមិនងាយកើតមានោះឡើយ ខណៈតួកគីជាសមាជិកអង្គការ NATO ផង និងជាប្រទេសដែលអាមេរិកចង់យកធ្វើជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រផង ដើម្បីទប់ទល់នឹងឥទ្ធិពលរុស្ស៊ី៕