(ប៉ារីស)៖ ក្រុមសហជីពប៉ូលិសនៅក្នុងប្រទេសបារាំង បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះព័ត៌មានពាក់ព័ន្ធនឹងការសង្ស័យថា ប៉ូលិសបារាំង ០២នាក់បានធ្វើអត្ដឃាត កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈមានការព្រួយបារម្ភទៀតថា ចំនួននៃការធ្វើអត្តឃាត ក្នុងជួរមន្ត្រីប៉ូលិសនឹងកើនឡើង ចំពោះមុខភាពតានតឹងខ្លាំងឡើងៗក្នុងភារកិច្ចពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
ចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រធានសហជីពប៉ូលិសបារាំង លោក Thomas Toussaint ក៏បានបញ្ជាក់ថាបច្ចុប្បន្នចំនួនប៉ូលិស ឬមន្ត្រីអនុវត្តច្បាប់ធ្វើអត្តឃាតគឺមាន ២៥នាក់ ដែលជាកម្រិតខ្ពស់មួយនៅក្នុងឆ្នាំ២០១៩នេះ ហើយបើសិនជាវានៅតែបន្តកើនឡើង នោះវាអាចនឹងបំបែកកំណត់ត្រា នៃអត្រាប៉ូលិសធ្វើអត្តឃាតក្នុងមួយឆ្នាំ ៧០នាក់កាលពីឆ្នាំ១៩៩៦។
គួរបញ្ជាក់ថា បើតាមរបាយការណ៍មួយរបស់ព្រឹទ្ធសភាបារាំង កាលពីរដូវក្ដៅឆ្នាំ២០១៨ បញ្ហាប្រឈមរបស់មន្ត្រីអនុវត្តច្បាប់ក្នុងនោះមានដូចជា កាលវិភាគធ្វើការស្អេកស្កះ ការនឿយហត់ខ្លាំងហួសហេតុ ព្រមទាំងភាពតានតឹងបង្កឡើងដោយបាតុកម្មតវ៉ា ភេរវកម្ម ដែលទាំងនេះត្រូវបានគេចាត់ទុកថា ជាមូលហេតុបង្ខំឱ្យប៉ូលិសបារាំងខ្លះធ្វើអត្ដឃាត៕