(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងឧត្ដមសេនីយចូលនិវត្តន៍ លោក ប៊ែននី ហ្គេនស៍ (Benny Gantz) សុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួន ក្រោយលទ្ធផលបោះឆ្នោតបឋមបង្ហាញថា គ្មានគណបក្សណាមួយឈ្នះសំឡេងគាំទ្រដាច់ខាតនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
យោងតាមលទ្ធផលបោះឆ្នោតបឋម ចេញផ្សាយក្រោយការិយាបោះឆ្នោតបិទទ្វារកាលពីម៉ោង ១០៖០០នាទីយប់ថ្ងៃអង្គារ គណក្ស លីគូដ (Likud) របស់លោក ណឺតាន់យ៉ាហ៊ូ ទទួលសំឡេងគំាទ្រ ៣៣អសនៈ ខណៈគណបក្ស ខៀវ និងស (Blue and White) របស់លោក Gantz ទទួលបានសំឡេងគំាទ្រ ៣៧អសនៈ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធបោះឆ្នោតអ៊ីស្រាអែល រដ្ឋាភិបាលចម្រុះត្រូវការអសនៈយ៉ាងហោចណាស់ ៦១ ក្នុងចំណោមអសនៈសរុបនៅក្នុងសភា (Knesset) ១២០អសនៈ ហើយគ្មានគណបក្សណាមួយឈ្នះដាច់ ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ ពោលគឺរាល់រដ្ឋាភិបាលត្រូវតែមានការចូលរួមពីគណបក្សដទៃ ដែលមានសំឡេងនៅក្នុងសភា។ ប៉ុន្តែបើតាមអ្នកជំនាញខ្លះបានលើកឡើងថា គណបក្ស Likud ត្រូវបានគេរំពឹងថា អាចនឹងទទួលបានជ័យជម្នះក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ រីឯលោក ណឺតាន់យ៉ាហ៊ូ អាចនឹងជាប់ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី ៥ របស់លោក៕