(ញូដេលី)៖ ឥណ្ឌាបានសម្រេចកាត់បន្ថយបរិមាណប្រេងដែលនាំចូលពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនមានគោលបំណងបោះបង់ចោល ការទិញទាំង ស្រុងតែម្តងឡើយ។ នេះបើតាមការឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ី លោក Bala Venkatesh Varma ដកស្រង់សម្តី ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចូលរួមវេទិកាអន្តរជាតិតំបន់អាក់ទិច លោក Varma បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង ញូដេលីនឹងនៅតែបន្តធ្វើការនាំចូលប្រេងពីអ៊ីរ៉ង់ ប៉ុន្តែក្នុងបរិមាណទាបជាងមុន។ កាលពីពាក់កណ្តាលខែមីនាកន្លងទៅ មន្រ្តីជាន់ ខ្ពស់នៃក្រសួងប្រេងនិងឧស្ម័នធម្មជាតិឥណ្ឌា លោក Kutty បានឲ្យដឹងថា ប្រទេសរបស់លោក បានស្ថិតក្នុងការពិភាក្សា ជាមួយ សហរដ្ឋអាមេរិក ដើម្បីព្យាយាមធានាឲ្យបាននូវ ការបន្តអនុគ្រោះពីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមានគោលដៅទៅ លើ បណ្តាប្រទេសនាំចូលប្រេងពីអ៊ីរ៉ង់ ខណៈទីក្រុងញូដេលីទទួលបានការលើកលែង ពីទណ្ឌកម្មប្រេងអ៊ីរ៉ង់ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយ កំពុងតែខិតខំចរចាជាមួយអាមេរិកដើម្បីពន្យារឲ្យដល់ខែឧសភា។
គួរជម្រាបថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ត្រូវបានដាក់ឡើងវិញកាលពីឆ្នាំ២០១៨ ក្រោយអាមេរិកបាន សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហៅកាត់ថា JCPOA៕