(តេហេរ៉ង់)៖ អ៊ីរ៉ង់បានថ្កោលទោសទង្វើរបស់អាមេរិក ដែលបានចាត់បញ្ចូលកងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ IRGC ជាអង្គការភេរវកម្ម ដោយវាគឺជាការជួយមួយផ្សេងទៅដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងតែព្យាយាមទៅរកការជាប់ឆ្នោតសម្រាប់អាណត្តិទី ៥ ហើយ ទីក្រុងតេហេរ៉ង់ក៏បានហៅសហរដ្ឋអាមេរិកថា ជាមេភេរវករនៅលើពិភពលោកផងដែរ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការបោះឆ្នោតសកលនៅអ៊ីស្រាអែលបានចាប់ផ្តើមប្រព្រឹត្តទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថារដ្ឋបាលរបស់លោកបានសម្រេចជាផ្លូវការ ចាត់បញ្ចូលកងកម្លាំងអ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីអង្គការភេរវកកម្ម។ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) ក៏បានចេញមុខថ្កោលទោសទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ហើយចោទសហរដ្ឋអាមេរិកថា គឺជាមេក្លោងភេរវកម្មពិតប្រាកដនៅលើពិភពលោក។ ចំណែកឯរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានចាត់ទុកការសម្រេចចិត្តរបស់អាមេរិកថា គឺជាកាដូមួយផ្សេងទៀតសម្រាប់ លោក Netanyahu នៅមុនការបោះឆ្នោត។
គួរជម្រាបថា ក្រោយពីកងកម្លាំងពិសេស IRGC ត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់បញ្ចូលក្នុងបញ្ជីអង្គការភេរវកម្ម ប្រទេសអ៊ីរ៉ង់បាន ប្រកាសចាត់ទុកសហរដ្ឋអាមេរិក «ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម» ហើយចាត់បញ្ចូលកងអង្គភាពយោធាអាមេរិក (CENCTOM) ដែលធ្វើប្រតិបត្តិការ នៅអាស៊ីខាងលិច មជ្ឈិមបូព៌ា អាហ្រ្វិកភាគឦសាន និងឈូងសមុទ្រពែក ជាអង្គការភេរវកម្មដូចគ្នា។ កន្លងមកនេះរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម និងតំបន់ ហ្គោឡេនហេចស៍ (Golan Heights) ជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអ៊ីស្រាអែលផងដែរ៕