(អ៊ីស្រាអែល)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសអ៊ីស្រាអែល បានចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃអង្គារនេះ ស្របពេលនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងស្វះស្វែងរកសំឡេងគាំទ្រ ដើម្បីបន្តកាន់តំណែងមួយអាណត្តិទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
លោក Benjamin Netanyahu ដែលជាមេដឹកនាំគណបក្សស្ដាំនិយម លីគូដ (Likud Party) កំពុងស្វះស្វែងបន្តកាន់តំណែងរយៈពេល០៥ឆ្នាំ ស្មើនឹងមួយអាណត្តិទៀត។ ប៉ុន្តែលោកត្រូវប្រឈមមុខនឹងគូប្រជែងដ៏ខ្លាំង គឺឧត្ដមសេនីយចូលនិវត្តន៍ ប៊ែននី ហ្គេនស៍ (Benny Gantz) ដែលបានសន្យាដោះស្រាយបញ្ហាសន្តិសុខ និងសម្អាតនយោបាយផ្ទៃក្នុង ខណៈលោក Netanyahu កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ។
គួរបញ្ជាក់ថា ប្រជាជនអ៊ីស្រាអែល ៦.៣លាននាក់បានចុះឈ្មោះបោះឆ្នោត និងមានគណបក្ស ៤៧បានចូលរួមដើម្បីដណ្ដើមយកកៅអីសភា (Knesset) ចំនួន ១២០។ ចំណែកឯ លទ្ធផលត្រូវបានគេរំពឹងថា នឹងចេញផ្សាយជាបន្តបន្ទាប់នៅម៉ោង ២២៖០០នាទីយប់ ថ្ងៃអង្គារនេះ (ម៉ោងនៅអ៊ីស្រាអែល)៕