Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសចិន និងកូរ៉េខាងជើងទើបបើកច្រកព្រំដែនរួមមួយទៀត ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ (Video inside)

09-04-2019 10:30

(ប៉េកាំង)៖ សារព័ត៌មានអាមេរិក Bloomberg បានរាយការណ៍ថា ប្រទេសចិន និងកូរ៉េខាងជើង បានបើកច្រកព្រំដែនថ្មីមួយ កាត់តាមទន្លេយ៉ាលូ (Yalu) ដែលច្រកនេះនឹងជាបង្កើន ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍បន្ថែមទៀតទៅកាន់ប្រទេស កុម្មុយនិស្ដដ៏ឯកោមួយនេះ ចំពោះមុខទណ្ឌកម្មពីអន្តរជាតិ ដែលបន្តស្ថិតក្នុងការអនុវត្តន៍នៅឡើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

យោងតាម Bloomberg ប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែនត្រូវបានបង្កើតឡើង នៅក្បែរស្ពានដែលទើបតែសាងសង់រួច តភ្ជាប់ ពីទីក្រុងជីអាន (Jian) របស់ចិនទៅកាន់ទីក្រុង មែនផូ (Manpo) របស់កូរ៉េខាងជើង។ ស្ពាននេះចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០១២ និងចំណាយពេល ០៤ឆ្នាំ ប៉ុន្តែច្រកឆ្លងកាត់ព្រំដែនមិនបានបើកក្នុងឆ្នាំ២០១៦នោះទេ ដោយសារតែទណ្ឌកម្មអង្គការ សហប្រជាជាតិប្រឆាំងទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ការធ្វើពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើង បានថយចុះអស់ច្រើនជាង ១០ភាគរយ ឬស្មើនឹង ០៥ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែការបើកច្រកព្រំដែនថ្មីនេះត្រូវបានគេរំពឹងថា នឹង ជួយបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឡើងវិញ ខណៈគេមិនទាន់ដឹងឡើយថា តើច្រកព្រំដែននេះនឹងដំណើរការទៅយ៉ាងដូចម្ដេច ចំពោះមុខទណ្ឌកម្មពីអន្តរជាតិ ដែលកំពុងសង្កត់លើរបបដឹកនាំលោក គីម ជុងអ៊ុន នោះឡើយ៕