Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រេស៊ីល៖ «យើងមិនអាចទុកឲ្យវេណេស៊ុយអេឡាក្លាយជាកូរ៉េខាងជើង ឬគុយបាទីពីរនោះទេ, ប្រេស៊ីលកំពុងសហការជាមួយអាមេរិក ដើម្បីផ្តួលរបប ម៉ាឌូរ៉ូ»

09-04-2019 10:06

(ប្រេស៊ីឡា)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា ប្រសិនបើមានការធ្វើអន្តរាគមន៍យោធានៅប្រទេសវេណេស៊ុយអេឡា លោកនឹងស្នើទៅកាន់សភាថា តើប្រេស៊ីលគួរតែចូលរួមដែរ ឬយ៉ាងណាព្រោះរូបលោកគិតថា វេណេស៊ុយអេឡាមិនអាចត្រូវបណ្តោយឲ្យ ស្ថិតនៅក្នុងស្ថានភាពដូចបច្ចុប្បន្នទៀតនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

លោក Bolsonaro បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងមិនអាចបណ្តោយឲ្យ វេណេស៊ុយអេឡា វិវឌ្ឍន៍ខ្លួនក្លាយទៅជាកូរ៉េខាងជើង ឬក៏គុយបាថ្មីនោះឡើយ ហើយបើសិនមានអន្តរាគមន៍យោធា សំដៅទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ខ្ញុំនឹងស្នើសុំយោបល់ពីក្រុមប្រឹក្សា ការពារជាតិព្រមទាំងសភាថា តើប្រេស៊ីលគួរតែធ្វើបែបណាដែរ»។ លោកប្រធានាធិបតីប្រេស៊ីលបានបន្ថែមថា ប្រទេសរបស់លោកកំពុងតែសហការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីព្យាយាមបំផុសបំផុលឲ្យមានការប្រឆាំងតវ៉ា នៅក្នុងជួរយោធាវេណេស៊ុយអេឡា។

គួរជម្រាបថា ប្រទេសប្រេស៊ីលគឺឈរនៅក្នុងខាងសហរដ្ឋអាមេរិកយ៉ាងពេញទំហឹង ជុំវិញវិបត្តិនយោបាយនៅវេណេស៊ុយអេឡា ដោយលោក Bolsonaro បានចេញមុខទទួលស្គាល់ភ្លាមៗ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីនមួយនេះ និងថែមទាំងបានប្តេជ្ញាថានឹងធ្វើអ្វីៗទាំងអស់ តាមតែអាចធ្វើបាន ដើម្បីស្តារសណ្តាប់ធ្នាប់ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពឡើងវិញនៅវេណេស៊ុយអេឡា៕