(អ៊ីស្លាម៉ាបាដ)៖ ការិយាល័យបំពេញកិច្ចការងាររបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ស្ថិតនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ត្រូវបានអគ្គីភ័យលេបត្របាក់នៅថ្ងៃចន្ទនេះ និងបង្ខំឲ្យមនុស្សម្នាទាំងអស់ភៀសខ្លួនចេញពីអគារទាំងមូល រួមទាំងលោកនាយករដ្ឋមន្ត្រីផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។
បើតាមសារព័ត៌មានក្នុងតំបន់ អគ្គីភ័យបានឆាបឆេះនៅជាន់លើបំផុត (ទី៦) នៃអគារការិយាល័យនោះតែម្តង ខណៈលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន កំពុងស្ថិតនៅក្នុងជាន់ទី ៥ ហើយលោក និងមនុស្សឯទៀតក្នុងអគារ ក៏បានភៀសខ្លួនចេញទាន់ពេលវេលាផងដែរ ខណៈពីដំបូងឡើយសារព័ត៌មានមួយចំនួនបានចេញផ្សាយថា លោក Imran Khan មិនបានស្ថិតនៅហ្នឹងកន្លែងកើតហេតុនោះឡើយ។
គួរបញ្ជាក់ថា មូលហេតុដែលបង្កទៅជាអគ្គីភ័យខាងលើនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែក្រោយពីការភៀសខ្លួនចេញពីអគារនោះ លោកនាយករដ្ឋមន្ត្រីបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់លោកវិញ ស្ថិតនៅក្នុងតំបន់ Bani Gala នៃទីក្រុងអ៊ីស្លាម៉ាបាដ និងបានបញ្ជាឲ្យបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ចំពោះករណីខាងលើនេះផងដែរ៕