(សេអ៊ូល)៖ ប្រធានក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់កូរ៉េខាងត្បូង Korean Air គឺលោក ចូ យ៉ាងហូ (Cho Yang-ho) បានទទួលមរណភាពហើយនាអាយុ ៧០ឆ្នាំ នៅថ្ងៃចន្ទនេះ ដោយសាររោគាពាធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។
លោក Cho បានទទួលមរណភាពកាលពីថ្ងៃចន្ទនេះ (ពេលវេលានៅទីក្រុងសេអ៊ូល) នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបានតស៊ូប្រយុទ្ធនឹងជំងឺសួតអស់រយៈពេលដ៏យូរ។ លោកបានស្នាក់នៅព្យាបាលជំងឺក្នុងទីក្រុង ឡូសអាន់ជែឡេស (Los Angeles) ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ហើយកូនប្រុសរបស់លោកគឺលោក ចូល ជូងហ៊ូន (Cho Choong-hoon) បានឡើងបន្តតំណែងពីលោកតាំងពីឆ្នាំ១៩៩៩ និងជាប្រធានក្រុមហ៊ុន ហានជីន (Hanjin Group) នៅឆ្នាំ២០០៣។
គួរបញ្ជាក់ថា Hanjin Group គឺជាក្រុមហ៊ុនសម្ព័ន្ធធំលំដាប់ទី ១៤ នៃប្រទេសកូរ៉េខាងត្បូងដែលមានក្រុមហ៊ុនជាបុត្រ សម្ព័ន្ធដូចជា Korean Air, Jin Air, Hanjin KAL និងក្រុមហ៊ុនមួយចំនួនទៀត៕