(អ៊ីស្រាអែល)៖ សារព័ត៌មានអ៊ីស្រាអែល Haaretz បានរាយការណ៍ថា យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០១៩នេះ ត្រូវបានគេយកទៅផ្សព្វផ្សាយនៅលើ គេហទំព័រអាសអាភាសមួយ (porn hub) ថែមទៀត ដោយវាត្រូវបានគេដឹងថា ជាចេតនាចំអកដាក់គ្នា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។
យោងតាម Haaretz ការផ្សព្វផ្សាយយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសអ៊ីស្រាអែល នៅលើគេហទំព័រអាសអាភាសខាងលើនេះ គឺមកពីប្រភពមិនស្គាល់អត្តសញ្ញាណចេញពីក្រុមអ្នកឆ្វេងនិយម ដែលចង់ចំអកដាក់ក្រុមអ្នកស្ដាំនិយម។ ចំណែកឯ link ផ្សព្វផ្សាយនេះគឺ dofkimhazak ដែលត្រូវបានទិញនៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ គេមិនទាន់អាចកំណត់អត្តសញ្ញាណ អ្នកដែលស្ថិតនៅក្រោយសកម្មភាពនេះទេ។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅក្នុងប្រទេសអ៊ីស្រាអែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមេសា ខាងមុខនេះ ដើម្បីជ្រើសរើសសមាជិកសភា និងនាយករដ្ឋមន្ត្រីថ្មី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ហាក់បានព្យាយាមគ្រប់មធ្យោបាយដើម្បីជួយបង្កើនប្រជាប្រិយភាពឲ្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបច្ចុប្បន្នលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ឲ្យបានជាប់ឆ្នោតម្តងទៀត ក្នុងនោះមានដូចជាការទទួលស្គាល់តំបន់ហ្គោឡេនហេចស៍ ជាទឹកដីអ៊ីស្រាអែលស្របច្បាប់ជាដើម៕