Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកទាមទារឲ្យមេទ័ពគ្រប់គ្រងភាគខាងកើតលីប៊ី បញ្ឈប់ការវាយប្រហារមកលើទីក្រុងទ្រីប៉ូលីជាបន្ទាន់! (Video inside)

08-04-2019 11:38

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការទាមទារឲ្យកម្លាំងយោធារបស់ មេទ័ពដែលគ្រប់គ្រងតំបន់ភាគខាងកើតលីប៊ីគឺលោក ខាលីហ្វា អាហ្វតា (Khalifa Haftar) បញ្ឈប់សកម្មភាពវាយលុកលើទីក្រុងលីប៊ីជាបន្ទាន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយដូច្នេះថា «អាមេរិកមានក្តីព្រួយបារម្ភជាខ្លាំង អំពីការប្រយុទ្ធគ្នានៅក្បែររដ្ឋធានីទ្រីប៉ូលី។ យើងបានបញ្ជាក់ច្បាស់ហើយថា ពួកយើងជំទាស់ដាច់ខាត ចំពោះប្រតិបត្តិការវាយលុកនៃកងកម្លាំងរបស់លោក Khalifa Haftar ហេតុដូចនេះយើងទាមទារឲ្យបញ្ឈប់សកម្មភាពយោធា ប្រឆាំងនឹងទីក្រុងទ្រីប៉ូលីនេះជាបន្ទាន់ ហើយវិលទៅកាន់មូលដ្ឋានដើមវិញ»

គួរជម្រាបថា ប្រទេសលីប៊ីនៅតែបន្តស្ថិតក្នុងសភាពប្រេះឆា ក្រោយពីមានសង្រ្គាមជាច្រើនឆ្នាំ ដែលកើតចេញពីការបះបោរមួយគាំទ្រដោយអង្គការ NATO ដែលឈានទៅដល់ការធ្វើឃាត អតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi)។ ចាប់ពីពេលនោះមក គឺពុំមានវត្តមានរដ្ឋាភិបាលកណ្តាលរួមណាមួយឡើយ គឺមានតែរដ្ឋាភិបាលគ្រប់គ្រង នៅតំបន់ភាគខាងលិចលីប៊ី ដែលមានលោក Fayez Sarraj ជាប្រមុខ និងទទួលការគាំទ្រដោយ អង្គការសហប្រជាជាតិ និងមួយទៀតគឺតំបន់ភាគខាងកើតលីប៊ី ដែលគ្រប់ ដោយមេទ័ពឈ្មោះ Khalifa Haftar ដែលមានទំនោរទៅរករុស្ស៊ី។

កាលពីថ្ងៃទី០៤ ខែមេសានេះ ភាពតានតឹងក៏បានកើនឡើងជាថ្មី នៅពេលដែលលោក Khalifa Haftar បានបញ្ជាកងទ័ពឲ្យធ្វើប្រតិបត្តិការយោធា សំដៅវាយលុកទីក្រុងទ្រីប៉ូលី ហើយក្នុងអំឡុងនៃការឆ្ពោះទៅកាន់រដ្ឋធានីលីប៊ីនេះ មនុស្សមួយចំនួនក៏បានបាត់ បង់ជីវិតផងដែរ ដោយអាចមានទាំងជនស៊ីវិលជាដើម ខណៈកិច្ចប្រជុំកន្លងមកក៏ត្រូវបានរៀបចំឡើងផងដែរ ប៉ុន្តែហាក់ពុំទទួលបានលទ្ធផលឡើយ៕