Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនភ្ញៀវទេសចរបរទេសទៅលេងទីក្រុងព្យុងយ៉ាង មានការកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៩ ដោយសារស្ថានការណ៍ស្ងប់ស្ងាត់

08-04-2019 10:30

(ម៉ូស្គូ)៖ ចំនួនភ្ញៀវទេសចរបរទេសទៅកម្សាន្តទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានកើនឡើងរហូតដល់ទ្វេដងនៅក្នុងឆ្នាំ២០១៩នេះ បើធៀបទៅនឹងកំឡុងពេល ដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមក្រុមហ៊ុនទេសចរណ៍ Koryo Tours ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

យោងតាម Koryo Tours ដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ភ្ញៀវទេសចរបរទេសប្រមាណ ៩៥០នាក់ បានចូលរួមក្នុងព្រឹត្តិការណរត់ម៉ារ៉ាតុងប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង នៅទីក្រុងព្យុងយ៉ាង ហើយចំនួននេះមានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរតែ ៤៥០នាក់ប៉ុណ្ណោះ។ ការកើនឡើងនេះទៀតសោតត្រូវបាន គេមើលឃើញថា ដោយសារតែស្ថានភាពស្ងប់ស្ងាត់នៅលើតំបន់ឧទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការរត់ម៉ារ៉ាតុងគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅកូរ៉េខាងជើង ដែលរៀបចំឡើងដើម្បីគោរពដល់ខួបកំណើតអតីតមេដឹកនាំ និងជាបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) ដោយមានភ្ញៀវទេសចរ រាប់រយនាក់ចូលរួមរត់ប្រណាំងនៅក្នុងទីក្រុងព្យុងយ៉ាង ជាមួយការឈរអបអរពីប្រជាជនកូរ៉េខាងជើង៕