( ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថាស្ពានមួយស្ថិតនៅក្នុងរដ្ឋ Pará នៃភាគខាងជើងប្រទេសបានបាក់ធ្លាក់ ចូលទឹកទន្លេជម្រៅដល់២០០ម៉ែត្រ បន្ទាប់ពីត្រូវបានសាឡង់មួយគ្រឿងបុកពេញទំហឹងកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។
ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់រងរបួស ឬក៏អាចមានអ្នកបាត់បង់ជីវិតនោះទេ ខណៈក្រុមនាវិក ៥នាក់ត្រូវបានជួយសង្រ្គោះ ហើយក្រុមអ្នកមុជទឹកកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ។ ដោយឡែក បើតាមសាក្សី នៅកន្លែងកើតហេតុ រថយន្ដធុនតូច២គ្រឿងក៏បានធ្លាក់ចូលទឹកទន្លេ Moju ផងដែរ ក្រោយសាឡង់ខាងលើបើកបុក បង្គោលស្ពាន។
គួរបញ្ជាក់ថា ស្ពានខាងលើមានប្រវែង៨៦០ម៉ែត្រ និងជាផ្លូវតភ្ជាប់ដ៏សំខាន់ទៅកាន់កំពង់ផែដ៏មមាញឹកនៃទីក្រុង Belém របស់ប្រទេសប្រេស៊ីល។ ប៉ុន្តែ ការបាក់ស្ពាននេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ វិស័យដឹកជញ្ជូននៅក្នុងតំបន់ ពីព្រោះអាជ្ញាធរអាចនឹងត្រូវចំណាយពេលយូរដើម្បីជួសជុលស្ពាននេះឡើយវិញ៕