(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានជម្រុញអ៊ីរ៉ាក់បង្ខំឱ្យសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីប្រទេសឱ្យបានកាន់តែឆាប់រហ័ស ខណៈទំនាក់ទំនងរវាងទីក្រុងបាកដាដ និងទីក្រុង តេហេរ៉ង់ដែលធ្លាប់ជាសត្រូវនឹងគ្នាកំពុងរីកចំរើនទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើលោក Khamenei ធ្វើឡើងនាឱកាសដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បំពេញទស្សនកិច្ចក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។ ថ្លែងឱកាសនោះ លោក Khamenei បានលើកឡើង ដូច្នេះថា៖ « អ្នក (លោក Mahdi) ត្រូវធ្វើឱ្យប្រាកដថាកងទ័ពអាមេរិកទាំងអស់ត្រូវបានដកចេញពីអ៊ីរ៉ាក់ កាន់តែឆាប់តាមដែលអាចធ្វើទៅបាន...ពីព្រោះរដ្ឋាភិបាល សភា និងអ្នកនយោបាយអ៊ីរ៉ាក់នៅក្នុងប្រទេសមិនពេញចិត្តជាខ្លាំង ចំពោះវត្តមានកងទ័ពអាមេរិក»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ធ្លាប់ធ្វើសង្រ្គាមនឹងគ្នានៅអំឡុងឆ្នាំ១៩៨០-១៩៨៨ ដែលគេស្គាល់ថាសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ ប៉ុន្តែ ក្រោយការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ ពីសំណាក់សហរដ្ឋអាមេរិក បានធ្វើឱ្យអ៊ីរ៉ង់កាន់តែមាន ឥទ្ធិពលនៅអ៊ីរ៉ាក់ រហូតមកទល់បច្ចុប្បន្ន៕