(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្រេចចិត្តដាក់តំបន់ភាគខាងកើតនៃប្រទេសដែល រងគ្រោះដោយសារភ្លើងឆេះព្រៃជា​ «តំបន់រងគ្រោះមហន្តរាយពិសេស» ដើម្បីងាយស្រួលផ្ដល់ជំនួយ និងការគាំទ្រ នានាដល់ប្រជាជនរងផលប៉ះពាល់។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងទៀតថាតំបន់រងគ្រោះមហន្តរាយពិសេសខាងលើគឺសំដៅលើ ទីក្រុង និងតំបន់ចំនួន៥ ស្ថិតនៅក្នុងខេត្ត Gangwon និងតំបន់ Goseong, Inje, Sokcho ព្រមទាំងទីក្រុង Gangneung និងទីក្រុង Donghae ជាដើម បើទោះជាភ្លើងឆេះព្រៃមួយធំកំពុងស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃបានកើតឡើងដំបូងនៅឯតំបន់ភ្នំនៃតំបន់ Goseong ស្ថិតនៅចំងាយ១៦០គីឡូម៉ែត នៃភាគឦសានទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ហើយវាបានរាលដាលដល់តំបន់ Sokcho, Gangneung និង ទីក្រុង Donghae ដោយប្រើពេលតែម៉ោងប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ភ្លើងឆេះព្រៃដែលពុំទាន់ដឹងពីមូលហេតុនេះ ក៏បានផ្ដាច់ជីវិតមនុស្សម្នាក់ និងបង្កឱ្យមនុស្ស១១នាក់រងបួសផងដែរ ខណៈទ្រព្យសម្បត្តិជាច្រើនរងការបំផ្លិច បំផ្លាញ ឬគិតជាទឹកប្រាក់អស់ជាង ៣.៤លានដុល្លារ៕