(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អ៊ែនជែឡា មើរគែល (Angela Merkel) បានធ្វើការទទួលស្វាគមន៍អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា យ៉ាងកក់ក្តៅ ដែលបានមកចូលជួបលោកស្រី ក្នុងជំនួបជាលក្ខណៈឯកជនមួយ នៅឯទីក្រុងប៊ែរឡាំងនាសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៨។
នាអំឡុងពេល០៨ឆ្នាំ នៃអាណត្តិកាន់អំណាចរបស់លោក អូបាម៉ា លោកស្រី Merkel ហើយនិងអតីតដឹកនាំអាមេរិករូបនេះ តែងតែបានបង្ហាញនូវភាពស្និទ្ធស្នាលរាក់ទាក់គ្នាខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលនានា។ ទោះបីជាលោក ដូណាល់ ត្រាំ បានឡើងអង្គុយនៅក្នុង សេតវិមានបន្តពីលោក អូបាម៉ា និងបាននាំយកមកជាមួយនូវការរិះគន់ផ្សេងៗ ដូចជាការចំណាយលើយោធា និងការធ្វើពាណិជ្ជកម្មរបស់អាល្លឺម៉ង់ជាមួយអាមេរិកក៏ដោយនោះ លោកស្រី Angela Merkel ហាក់ដូចជាមិនអនុញ្ញាតឲ្យវាប៉ះពាល់ដល់ចំណងមិត្តភាព ពិសេសរវាងលោកស្រីនិងលោក អូបាម៉ា នោះឡើយ។
ក្នុងសប្តាហ៍នេះ លោកស្រីអធិការបតីអាល្លឺម៉ង់បានទទួលរៀបចំស្វាគមន៍ លោក អូបាម៉ា នៅឯវិមានការិយាល័យរបស់លោកស្រី ក្នុងរដ្ឋធានីប៊ែរឡាំង នាឱកាសដែលលោក អូបាម៉ា មកចូលរួមព្រឹត្តិការណ៍សាធារណៈមួយចំនួននៅអាល្លឺម៉ង់។ លោកស្រី Merkel និងលោក អូបាម៉ា បានជជែកគ្នាក្នុងជំនួបបិទទ្វារមួយ ដែលមានរយៈពេលប្រហែលមួយម៉ោងកន្លះ បន្ទាប់លោកស្រីបានចេញទៅក្រៅអគារ ដើម្បីទទួលលោក អូបាម៉ា ដោយផ្ទាល់នៅលើកម្រាលព្រំពណ៌ក្រហម។
រូបភាពនៃការទទួលស្វាគមន៍នេះ ដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់មិត្តភាពយ៉ាងជិតស្និទ្ធរវាងអ្នកទាំងពីរ និយាយរួមគឺខុស ពីជំនួបជាមួយលោក ត្រាំ ដាច់តែម្តង។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Sputnik។
គួរជម្រាបថា លោក អូបាម៉ា បានបង្កើតនូវចំណងមិត្តភាពនយោបាយមួយជាមួយលោកស្រី Merkel ក្នុងអំឡុងរយៈពេល ០៨ឆ្នាំ នៃការកាន់តំណែងកជាប្រធានាធិបតីអាមេរិក បើទោះបីជាលោកស្រីជាប្រធានគណបក្សមួយ ដែលមានឈ្មោះអភិរក្សនិយម រីឯលោក អូបាម៉ា វិញស្ថិតក្នុងគណបក្សប្រជាធិបតេយ្យ បែបសេរីរបស់អាមេរិក។ មិនតែប៉ុណ្ណោះលោក អូបាម៉ា ថែមទាំងបានចាត់ទុកលោកស្រី Merkel ជាដៃគូសំណព្វរបស់លោកថែមទៀតផង កាលពីពេលនៅកាន់អំណាច។
បន្ថែមពីនេះទៀតលោក អូបាម៉ា មិនមែនត្រឹមបានតែនិយាយចោលយ៉ាងដូច្នោះឡើយ ព្រោះថាដំណើរទស្សនកិច្ចអន្តរជាតិលើកចុងក្រោយរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក គឺមកកាន់ប្រទេសអាល្លឺម៉ង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយការហៅទូរស័ព្ទ លើកចុងក្រោយរបស់លោកក្នុងនាមជាមេដឹកនាំអាមេរិក ចេញពីសេតវិមានមុនពេលត្រូវប្រគល់ឲ្យលោក ត្រាំ ក៏ត្រូវបានធ្វើឡើងទៅកាន់លោកស្រី Angela Merkel ផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងតែពីចប់អាណត្តិកាន់អំណាច លោក អូបាម៉ា ធ្លាប់បានមកទស្សនកិច្ចជាច្រើនលើករួចមកហើយ នៅទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់៕