(វ៉ាស៊ីនតោន)៖ ក្រោយជំនួបកំពូងរវាងលោក ដូណាល់ ត្រាំង និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម ត្រូវបានចាប់បញ្ចប់ទៅដោយភាពបរាជ័យនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលជាមន្ត្រីសកម្មបំផុតនៅក្នុងការសម្របសម្រួលឲ្យមានជំនួបនេះបានលើកឡើងថា លោកចង់ឲ្យជំនួបកំពូលលើកទីបី រវាងមេដឹកនាំកំពូលទាំងពីរ កើតឡើងក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
បើតាមប្រភពពីសេតវិមានអាមេរិក ទោះបីជាកិច្ចប្រជុំនៅទីក្រុងហាណូយ កាលពីខែកុម្ភៈកន្លងទៅនេះទទួលបានភាពបរាជ័យមែន ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតែមិនបោះបង់ចោលក្តីសង្ឃឹម ក្នុងការរៀបចំជំនួបកំពូលម្តងទៀតនោះដែរ គ្រាន់តែវាត្រូវការពេលវេលាបន្ថែមទៀតប៉ុណ្ណោះ។ ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ បានបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តថា ប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ននេះ នឹងអាចរៀបចំកិច្ចប្រជុំកំពូលលើកទី ៣ ក្នុងពេលឆាប់ៗនាប៉ុន្មានខែខាងមុខនេះ ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង...»។
គួរបញ្ជាក់ថា ជំនួបកំពូលលើកទី ១ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានកើតឡើងនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយកាលណោះមេដឹកនាំទាំងពីរបានសន្យាធ្វើរឿងជាច្រើន ដើម្បីបន្ធូរបន្ថយភាពតានតឹងនឹងគ្នា និងចាប់ផ្តើមដណើរការឈានទៅរក ការរំសាយអាវុធនុយក្លេអ៊ែទាំងស្រុងនៅឧបទ្វីបកូរ៉េ។
ប៉ុន្តែនាប៉ុន្មានរយៈពេលបន្ទាប់ទៀត បញ្ហានៅតែចោទឡើងដដែលជាដដែលលអំពីភាពប្រាកដនិយមនៃការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈភាគីទាំងពីរហាក់ចង់បានការបោះមួយជំហ៊ានមុនដូចៗគ្នា នោះគឺការរំសាយនុយក្លេអ៊ែរសិន ទើបអាចដកទណ្ឌកម្ម និងដកទណ្ឌកម្មសិន ទើបអាចរំសាយនុយក្លេអ៊ែរ។ ហេតុដូច្នេះទើបឈានដល់កិច្ចប្រជុំកំពូលលើកទី ២ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កិច្ចពិភាក្សាបានលេចចេញនូវសញ្ញាខ្វែងគ្នាតែម្តង ហើយនៅទីបំផុតជំនួបកំពូលលើកទី ២ បានទទួលបរាជ័យ និងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់៕