(ប៉េកាំង)៖ នៅទីបំផុតអាជ្ញាធរចិនបានសម្រេចថា នឹងបិទតំបន់រោងចក្រគីមីដែលបានផ្ទុះ និងបង្កឲ្យមនុស្ស ៧៨នាក់ស្លាប់ ព្រមទាំងរាប់រយនាក់ទៀតរងរបួសនោះហើយ ខណៈវាត្រូវបានចាត់ទុកជាសោកនាដកម្ម ដែលបានបង្កឲ្យមនុស្សស្លាប់ច្រើនបំផុត នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
ការផ្ទុះខាងលើនេះ បានកើតមានឡើងនៅក្នុងទីក្រុងយ៉ាងចេង (Yangcheng) នៃខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន ហើយការផ្ទុះនោះមិនត្រឹមតែបានធ្វើខូចខាតរោងចក្រទាំងមូលនោះឡើយ ដោយសូម្បីតែប្រជាជនរស់នៅជុំវិញនោះ ក៏ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាពផងដែរ ពីព្រោះផ្ទះសម្បែងរបស់ពួកគេបានរងការខូចខាត និងវាយប្រហារដោយសារធាតុពុល ដែលសាយភាពចេញពីរោងចក្រឆេះនោះថែមទៀត។
គួរបញ្ជាក់ថា ការសម្រេចចិត្តបិទតំបន់ឧស្សាហកម្មខាងលើនេះ ត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរខេត្ត Jiangsu តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ CCTV តែម្តង ដែលវាបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញបញ្ជាឲ្យមានការត្រួតពិនិត្យនូវរាល់ប្រព័ន្ធសុវត្ថិភាពទាំងអស់នៅក្នុងរោងចក្រឧស្សាហកម្ម ជាពិសេសរោងចក្រផលិតផលិតផលគីម ដើម្បីធានាឲ្យបាននូវសុវត្ថិភាពជាចម្បង ហើយការស៊ើបរកការពិតជុំវិញករណីផ្ទុះកាលពីខែមីនា គឺកំពុងតែប្រព្រឹត្តទៅនៅឡើយ៕