(លីប៊ី)៖ លោក Fayez Sarraj ដែលជាប្រមុខរដ្ឋាភិបាលលីប៊ីនៅភាគខាងលិច និងមានការគាំទ្រពីអង្គការសហប្រជាជាតិ បានយល់ព្រមជួបចរចាជាមួយលោក Khalifa Haftar ដែលអគ្គមេបញ្ជាការកងទ័ពលីប៊ីគ្រប់គ្រងនៅប៉ែកខាងកើត ប៉ុន្តែលោក Haftar បានសម្រេចមិនព្រមចូលរួមជំនួបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
យោងតាមប្រភពការទូតនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បណ្តាញសារព័ត៌មាន Aljazeera បានចុះផ្សាយថា ពីដំបូងឡើយ លោក Sarraj បានយល់ព្រមជួបជាមួយលោក Haftar នៅឯទីក្រុងហ្សឺណែវ ប្រសិនការប្រយុទ្ធប៉ះទង្គិចគ្នានៅក្នុងប្រទេសលីប៊ីត្រូវបានផ្អាក ប៉ុន្តែលោក Haftar បានបដិសេធមិនចូលរួមជំនួបនេះឡើយ។
គួរជម្រាបថា ភាពតានតឹងនៃស្ថានការណ៍នៅលីប៊ីបានកើនឡើងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែលលោក Haftar បានបញ្ជាឲ្យបើកយុទ្ធនាការដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលីពីកងកម្លាំងរបស់លោក Sarraj ហើយវាក៏បានកើតឡើងចំពេលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បំពេញដំណើរទស្សនកិច្ចនៅលីប៊ីថែមទៀតផង ក្រោមកិច្ចប្រឹងប្រែងដឹកនាំដោយ UN ដើម្បីជំរុញការដោះស្រាយតាមផ្នែកនយោបាយនូវបញ្ហាជម្លោះក្នុងប្រទេសលីប៊ី។ កាលពីថ្ងៃសុក្រ លោក Guterres បានជួបជាមួយលោក Haftar ហើយក៏ចាកចេញពីលីប៊ីវិញ៕