(វ៉ាស៊ីនតោន)៖ លោក ដេវីដេ ម៉ាល់ផាស (David Malpass) ដែលជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអន្តរជាតិ នៅឯក្រសួងហិរញ្ញវត្ថុអាមេរិកត្រូវបាន ជ្រើសរើសឲ្យធ្វើជាប្រធានធនាគារពិភពលោក (World Bank) សម្រាប់រយៈពេល ០៥ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែមេសានេះតទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ធនាគារពិភពលោក ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
លោក Malpass វ័យ ៦៣ឆ្នាំ ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជ្រើសរើសកាលពីដើមខែកុម្ភៈជាបេក្ខភាពរបស់សហរដ្ឋអាមេរិក សម្រាប់ទទួលការគាំទ្រឲ្យកាន់តួនាទីជាប្រធានធនាគារពិភពលោក។ លោក Malpass ត្រូវបានក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក សម្រេចទទួលយកក្រោយពីពុំមានគូប្រជែង។
គួរជម្រាបថា រាល់បេក្ខភាពទាំងអស់ដែលត្រូវបានជ្រើសរើសដោយសហរដ្ឋអាមេរិក ដែលមានចំណែកធំជាងគេបង្អស់ នៅក្នុងធនាគារពិភពលោកផ្ទាល់ គឺសុទ្ធតែបានឡើងកាន់មុខតំណែងនេះ ចាប់តាំងតែពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ ត្រូវបាន បង្កើតឡើងកាលពីឆ្នាំ១៩៤៤៕