(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីកំពុងតែត្រៀមរៀបចំ សម្រាប់ដំណើរមកដល់នៃប្រមុខដឹកនាំកំពូល កូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ទីក្រុងម៉ូស្គូជាលើកដំបូង ខណៈលិខិតអញ្ជើញជាផ្លូវការ ត្រូវបានប្រគល់ដោយផ្ទាល់ដៃជូនទីក្រុងព្យុងយ៉ាងរួចទៅហើយ ដោយរង់ចាំការឆ្លើយតបវិញ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
ជុំវិញការរៀបចំខាងលើនេះ ជំនួយការនៃវិមានក្រឹមឡាំងក្នុងទីក្រុងម៉ូស្គូ លោក យូរី យូសាកូវ (Yuri Ushakov) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ត្រីនៃរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងតែពិភាក្សាគ្នានៅឡើយអំពីពេលវេលា និងការធ្វើដំណើរ នៃគណៈប្រតិភូកូរ៉េខាងជើង មកកាន់ទីក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីធ្លាប់បានអះអាងថា ខ្លួននៅរង់ចាំ ការឆ្លើយតបពីរដ្ឋាភិបាលកូរ៉េខាងជើង ខណៈលិខិតអញ្ជើញជាផ្លូវការត្រូវបានប្រគល់រួចហើយ។
គួរបញ្ជាក់ថា ទោះបីជាក្រោយការដួលរលំនៃអតីតសហភាពសូវៀត កូរ៉េខាងជើង បាន ជួបប្រទះ បញ្ហាក៏ដោយ ប៉ុន្តែនៅក្រោយមកទៀតទំនាក់ទំនងរវាងកូរ៉េខាងជើង និង សហព័ន្ធរុស្ស៊ី នៅស្អិត ល្មួតដដែល ខណៈចិនក៏ត្រូវបានចាត់ទុកជាប្រទេស ដែលស្និទ្ធបំផុតជាមួយកូរ៉េខាងជើងដែរ។ ពុំទាន់មាន ការសន្និដ្ឋានអំពីពេលវេលាជាក់លាក់ ដែលលោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ច នៅរុស្ស៊ី នោះឡើយ ប៉ុន្តែបើវាកើតឡើងមែន រុស្ស៊ីនឹងក្លាយជាប្រទេសទី ៤ បន្ទាប់ពីចិន សិង្ហបុរី និងវៀតណាម ដែលលោក គីម បានមកបំពេញទស្សនកិច្ចក្រៅប្រទេស ដ៏មហាកម្របំផុត៕