(វ៉ាស៊ីនតោន)៖ សេចក្តីរាយការណ៍មួយដែលស្និទ្ធនឹងរដ្ឋបាលអាមេរិក ចេញផ្សាយដោយសារព័ត៌មាន Wall Street Journal បានឲ្យដឹងនៅថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) នេះថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែរៀបចំដាក់បញ្ចូលកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលជាកងទ័ពការពារជាតិដ៏មានឥទ្ធិពលនោះ ចូលទៅក្នុងបញ្ជីឈ្មោះនៃអង្គការភេរវកម្ម (FTO) ហើយទង្វើនេះត្រូវចាត់ទុកជាទណ្ឌកម្មធ្ងន់ធ្ងរថ្មីមួយទៀត ដែលនឹងទម្លាក់ទៅលើរដ្ឋអ៊ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
បើតាមប្រភពដដែលដោយមិនបញ្ជាក់អត្តសញ្ញាណ សេចក្តីប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី០៨ ខែមេសា សប្តាហ៍ក្រោយនេះតែម្តង។ តាមពិតទៅកងកម្លាំងអ៊ីរ៉ង់ IRGC បានទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្រោមបញ្ជាប្រតិបត្តិដោយអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) ឆ្លើយតបនឹងអំពើភេរវកម្មក្នុងបុរីញូយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលប្រទេសអ៊ីរ៉ង់ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក បានថ្លែងនៅជុំវិញការដាក់ទណ្ឌកម្មលើកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់យ៉ាងដូច្នេះថា «កងកម្លាំង IRGC បានដើរតួនាទីស្នូលក្នុងការធ្វើឲ្យប្រទេសអ៊ីរ៉ង់ ក្លាយជារដ្ឋដែលគាំទ្រយ៉ាងសកម្មចំពោះក្រុមភេរវករ...។ ការកំណត់អំណាចរបស់អ៊ីរ៉ង់ គឺធ្វើឡើងដើម្បីស្ថិរភាពនៅក្នុងតំបន់ ហើយក្រសួងរតនាគារជាតិអាមេរិក នឹងបន្តប្រើប្រាស់សមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្អាក់សកម្មភាពដ៏គ្រោះថ្នាក់របស់ IRGC អ៊ីរ៉ង់...»។ ដោយឡែកគម្រោងដាក់ IRGC ទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្វើការចាតវិធានការទប់ទល់តាមវិធីសាស្ត្ររបស់ខ្លួន ប្រសិនបើអាមេរិកមើលឃើញ ក្រុមបដិវត្តន៍ IRGC គ្រោងបង្ក ឬបានបង្កអំពើណាមួយ ដែលខ្លួនចាត់ទុកថាជាភេរវកម្ម៕