(តែលអាវីវ)៖ យានអវកាសអ៊ីស្រាអែល Beresheet ដែលមានន័យជាភាសាអង់គ្លេសថា Genesis ឬក៏ Origin (ប្រភពដើម) ទីបំផុតត្រូវបានក្រុមការងារនៃបេសកកម្មនេះ បញ្ជាឲ្យទៅដល់ក្នុងគន្លងក្បែរព្រះច័ន្ទដោយជោគជ័យ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។
ផ្ទុយទៅវិញប្រសិនបើការចូលទៅក្នុងគន្លងក្បែរព្រះច័ន្ទ មិនបានទទួលជោគជ័យទេនោះ គឺមានន័យថា បេសកកម្មអវកាសមួយនេះរបស់អ៊ីស្រាអែលបានបរាជ័យតែម្តង ព្រោះថាយាន Beresheet អាចនឹងត្រូវទំនាញរបស់ព្រះអាទិត្យស្រូបទាញយកទៅ។ យ៉ាងណាមិញ ក្រោយពីសម្រេចជោគជ័យហើយ ក្នុងអំឡុងសប្តាហ៍នេះ យាន Beresheet នឹងធ្វើការក្រឡឹងជុំវិញឋានព្រះច័ន្ទដោយសសៀរសន្សឹមៗទៅកាន់តែកៀក ដើម្បីត្រៀមលក្ខណៈសម្រាប់ការព្យាយាមចុះចតនៅថ្ងៃទី១១ ខែមេសា សប្តាហ៍ក្រោយ។
គួរជម្រាបថា នៅពេលដែលយាន Beresheet ចុះទៅជាន់ដល់ដីនៃផ្ទៃព្រះច័ន្ទ អ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ហើយ ដែលបានធ្វើបែបនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងចិន៕