(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May សរសេរសំបុត្រមួយទៅកាន់សហភាពអឺរ៉ុប ដោយស្នើជាថ្មីម្ដងទៀតឱ្យពន្យារពេល Brexit ឬចាកចេញពីសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៣០ ខែមិថុនា។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃយប់សុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែមេសានេះ ខណៈកិច្ចព្រមព្រៀង Brexit របស់លោកស្រី May ត្រូវបានសភាទាត់ចោល៣ដងរួចមកហើយ បើទោះជាលោកស្រីផ្ទាល់ធ្លាប់សន្យាថា នឹងចុះចេញពីតំណែងឱ្យតែកិច្ចព្រមព្រៀងនេះត្រូវបានសភាអនុម័តក៏ដោយ។ ប៉ុន្តែ នៅក្នុងសំបុត្រផ្ញើជូនប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបញ្ជាក់ថា សភាអនុម័តលើ កិច្ចព្រមព្រៀងរបស់លោកស្រីក្នុងពេលនេះ នោះអង់គ្លេសអាចនឹងចាកចេញពីសហភាពអឺរ៉ុបនៅមុនការបោះឆ្នោត សភាអឺរ៉ុបនៅថ្ងៃទី២៣ ខែឧសភា ពោលគឺមិនចាំបាច់រង់ចាំដល់ថ្ងៃទី៣០ ខែមិថុនានោះទេ។
គួរជម្រាបថា កាលពីដំបូងឡើយ ចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបកាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១២ ខែមេសា ដោយទទួលការយល់ព្រមពីសភាអង់គ្លេស៕