(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យានអវកាស Hayabusa2 របស់ខ្លួន បានបាញ់គ្រឿងផ្ទុះមួយទៅកាន់ផ្ទៃ របស់អាចម៍ផ្កាយ Ryugu ដើម្បីបង្កើតជារណ្តៅនៅទីនោះ ហើយប្រមូលយកគំរូស្លាកស្នាមនៃដីស្រទាប់ផ្នែកខាងក្រោមរបស់វា ក្រោមគោលដៅស្វែងរកពីតំរុយពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
បើតាមទីភ្នាក់ងារអវកាស JAXA បេសកកម្មនាថ្ងៃសុក្រនេះ គឺជារឿងប្រថុយប្រថានបំផុតសម្រាប់យាន Hayabusa2 ព្រោះវាត្រូវ តែគេចខ្លួនឲ្យបានឆាប់ ដើម្បីកុំឲ្យទទួលរងការប៉ះទង្គិចពីកម្ទេចកម្ទីរដែលខ្ទាតចេញពីការបំផ្ទុះនោះ។ គ្រឿងផ្ទុះដែល Hayabusa2 បានទម្លាក់ទៅលើផ្ទៃអាចម៍ផ្កាយ Ryugu មានទំហំប៉ុនកូនបាល់ Baseball និងមានទម្ងន់០២គីឡូក្រាម (ទម្ងន់លើផែនដី)។
កិច្ចការបន្ទាប់ទៀត ទីភ្នាក់ងារអវកាស JAXA នឹងបញ្ជូនយាន Hayabusa2 ឲ្យត្រឡប់ទៅអង្កេតមើលកន្លែងបំផ្ទុះ ហើយប្រមូលយក គំរូតាងពីផ្ទៃស្រទាប់ផ្នែកខាងក្រោម ដែលមិនធ្លាប់បានទទួលរងឥទ្ធិពលពីពន្លឺព្រះអាទិត្យឬក៏កាំរស្មីផ្សេងៗក្នុងទីអវកាសឡើយ។ អ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមថា គំរូស្លាកស្នាមទាំងនេះ នឹងផ្តល់សារសំខាន់ជាខ្លាំង ក្នុងការស្វែងយល់ពីប្រវត្តិរបស់អាចម៍ផ្កាយ Ryugu និងដើមកំណើតនៃភពក៏ដូចជាប្រព័ន្ធអាទិត្យទាំងមូល។
គួរជម្រាបថា បើតាមការគ្រោងទុក ចុងឆ្នាំ២០១៩នេះ យាន Hayabusa2 នឹងត្រូវចាកចេញពីអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយ ប្រមាណ៣០០លានគីឡូម៉ែត្រពីផែនដី ហើយនាំយកគំរូតាងដែលវាប្រមូលបានត្រឡប់មកដល់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០៕