បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ព្រមានបើកបេសកកម្មអត្តឃាត ដើម្បីរំដោះកោះមួយនៅសមុទ្រចិនខាងត្បូង! (Video inside)
05-04-2019 14:09
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានថា លោកនឹងបញ្ជូនកងទ័ពឱ្យដឹកនាំបេសកកម្មអត្តឃាត បើសិនជាទីក្រុងប៉េកាំងមិនព្រមចាកចេញ ឬក៏ដោះលែងកោះរបស់ហ្វីលីពីន ក្នុងតំបន់សមុទ្រចិនខាងត្បូងទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
CNN ជាភាសាហ្វីលីពីនបានឱ្យដឹងទៀតថា លោក ឌូតឺតេ ធ្វើការព្រមានខាងលើ នៅអំឡុងពិធីជួបជុំមួយនៅឯ ភឺតូ ព្រីនសេសា (Puerto Princesa) នៃខេត្ត ផាឡាវ៉ាន់ (Palawan) តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីលបានទទួលស្គាល់ថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមនាវា និងទូករបស់ចិន ២៧៥គ្រឿង បានធ្វើដំណើរនៅជុំវិញកោះ ធីទូ (Thitu) ដែលហ្វីលីពីនកំពុងឈរជើង នៅក្នុងទីប្រជុំកោះ ជម្លោះស្ព្រាតលី (Spratly) នៃតំបន់សមុទ្រចិនខាងត្បូង។
នាឱកាសនោះលោក ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះថា «ចូរធ្វើជាមិត្តនឹងពួកយើង ហើយកុំប៉ះពាល់កោះ ផាហ្គាសា (Pagasa ឬ Thitu) ឱ្យសោះ... ប៉ុន្តែបើសិនជាអ្នក (ចិន) ហ៊ានប៉ះពាល់សូម្បីតែបន្តិច ខ្ញុំនឹងប្រាប់កងទ័ពរបស់ខ្ញុំឱ្យដឹកនាំបេសកកម្មអត្តឃាត ព្រោះខ្ញុំក៏មានកងទ័ពនៅទីនោះដែរ...»។
គួរបញ្ជាក់ថា បើតាមលោក ឌូតឺតេ អ្វីដែលលោកបាននិយាយមិនមែនជាការព្រមាននោះទេ ហើយថាវាគ្រាន់តែជាការឱ្យក្រើនរំលឹក ដល់មិត្តរបស់លោកតែប៉ុណ្ណោះ។ បើតាមការអះអាងរបស់ហ្វីលីពីន កងអង្គភាពយោធាដ៏តូចមួយ និងប្រជាជនស៊ីវិលសរុប ១០០នាក់ កំពុងឈរជើងនៅលើកោះ Thitu ដែលស្ថិតនៅចំងាយ ៥០០គីឡូម៉ែត្រ ពីខេត្ត Palawan ប្រទេសហ្វីលីពីន។ ជុំវិញការក្រើនរំលឹកនេះ គេនៅមិនទាន់ឃើញមាន ប្រតិកម្មណាមួយពីសំណាក់ទីក្រុងប៉េកាំងនោះឡើយ៕