(សេអ៊ូល)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថា មានវិធីមួយដែលអាចឲ្យអ្វីៗប្រសើរឡើងវិញ នោះគឺការបញ្ជាក់ ឬផ្ទៀងផ្ទាត់ឱ្យច្បាស់របស់កូរ៉េខាងជើង ក្នុងការបំផ្លាញទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ អាចនឹងជម្រុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយ ទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
ទីប្រឹក្សាទទួលបន្ទុកកិច្ចបង្រួបបង្រួមជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់លោក មូន ជែអ៊ីន គឺលោក មូន ជុងអ៊ីន (Moon Chung-in) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ និងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង បំពេញ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ។
លោក Chung-in បន្ថែមទៀតថា បើសិនជាកូរ៉េខាងជើងអនុញ្ញាតឱ្យក្រុមអ្នកជំនាញអន្តរជាតិចូលត្រួតពិនិត្យ និងបញ្ជាក់ឱ្យច្បាស់ពីការបំផ្លាញទីតាំងធ្វើតេស្ដនុយក្លេអ៊ែរភុងគ្យេរី (Punggye-ri) នោះទីក្រុង វ៉ាស៊ីនតោនអាចនឹងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ហើយមិនតែប៉ុណ្ណោះវាក៏ជួយឱ្យកិច្ចចរចារវាងលោក គីម ជុងអ៊ុន និងលោក ត្រាំ អាចចាប់ផ្ដើមជាថ្មីផងដែរក្រោយបរាជ័យនៅទីក្រុងហាណូយ។
គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០១៨ កូរ៉េខាងជើង បានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកទស្សនាការបំផ្លាញ ទីតាំងធ្វើតេស្ដនុយក្លេអ៊ែរម្ដងរួចមកហើយ។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងមិនបានអនុញ្ញាតក្រុមអ្នកជំនាញអន្តរជាតិមកបញ្ជាក់ និងផ្ទៀងផ្ទាត់ពីសកម្មភាពរបស់ខ្លួនថា ជាការពិត ឬគ្រាន់តែបញ្ឆោតភ្នែកនោះឡើយ៕