(ការ៉ាកាស់)៖ ក្រោយពីដកអភ័យឯកសិទ្ធិរួចហើយ ទីបំផុតអាជ្ញាធរវេណេស៊ុយអេឡា បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដើម្បីចាប់ផ្តើមចាត់ការមេបក្សប្រឆាំងរូបនេះ ទៅតាមនីតិវីធីច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
លោក ហ្គាស៊ីយ៉ា ហ្ស៊ែរប៉ា (Garcia Zerpa) ប្រធានគណៈកម្មាធិការយុត្តិធម៌ នៃសភាធម្មនុញ្ញវេណេស៊ុយអេឡាបាននិយាយដូច្នេះថា «ប្រព័ន្ធយុត្តិធម៌វេណេស៊ុយអេឡា នឹងធ្វើការសម្រេចចិត្តក្នុងសំណុំរឿងលោក Guaido ដោយឈរលើភស្តុតាងពាក់ព័ន្ធនានា ហើយលោកក៏នឹងមានសិទ្ធិការពារខ្លួនដែរ។ តែភាពយុត្តិធម៌នឹងលេចឡើង ហើយលោកនឹងត្រូវតបស្នងនូវអ្វីដែលរូបលោកបានធ្វើ ពោលគឺសម្រាប់ការក្បត់នឹងប្រទេសជាតិរបស់ខ្លួន»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ សភាធម្មនុញ្ញវេណេស៊ុយអេឡា បានសម្រេចដកអភ័យឯកសិទ្ធិរបស់លោក Guaido ដែលជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សប្រឆាំង ដោយសារតែល្មើសនឹងបទបញ្ជាហាមចេញពីប្រទេស កាលពីអំឡុងខែមករា និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។
គួរជម្រាបថា កាលពីថ្ងៃទី០៥ ខែមករា លោក Guaido បានជាប់ឆ្នោតជាប្រធានរដ្ឋសភា ដែលស្ថាប័នរដ្ឋាភិបាលដទៃទៀតនៅក្នុងប្រទេសវេណេស៊ុយអេឡាមិនបានផ្តល់ការទទួលស្គាល់នោះឡើយ ចាប់តាំងពីឆ្នាំ២០១៦មក។ តុលាការកំពូលវេណេស៊ុយអេឡា បានសម្រេចទាត់ចោលការជាប់ឆ្នោតនេះរបស់លោក នៅ០២ថ្ងៃក្រោយពីលោក Guaido បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ដែលជាហេតុបង្កឲ្យប្រទេសអាមេរិកឡាទីនមួយនេះ ធ្លាក់ផុងក្នុងវិបត្តិនយោបាយដ៏តានតឹង៕